ក្លឹបបារាំង Paris Saint-Germain មិនច្បាស់ថាមិនចង់លក់ Kylian Mbappe ឬចង់រំអុកទាមទារតម្លៃខ្លួនឲ្យខ្ពស់ជាងហ្នឹងឬបែបណា ដោយសំណើចុងក្រោយទឹកប្រាក់ ១៦០ លានអឺរ៉ូ ក៏ពួកគេមិនញញើតនឹងបដិសេធនោះដែរ។
ដ្បិតអីសុពលភាពកុងត្រារបស់កីឡាករបារាំងត្រូវផុតនៅចុងខែមិថុនា ឆ្នាំក្រោយ ដែលសល់រយៈពេលមិនដល់មួយឆ្នាំផងនោះ ក៏ក្លឹបសេដ្ឋីក្នុងទីក្រុងប៉ារីស មិនព្រមទទួលយកលុយធំដែល Real ផ្តល់ឲ្យ។ តាមការចុះផ្សាយរបស់ Julien Laurens លើ Twitter បានចោទជាសំណួរថា តើ Real Madrid នឹងដាក់តម្លៃចរចាជាថ្មីដែរឬអត់? ហើយ PSG នឹងបន្តបដិសេធទៀតមែនទេ?
គ្រប់គ្នាកំពុងភ្ញាក់ផ្អើលមិនច្បាស់ថា ក្លឹប PSG ចង់ដើរយុទ្ធសាស្ត្រអ្វីឲ្យប្រាកដ។ ប៉ុន្តែបើតាមការលើកឡើងរបស់សែស្រឡាយម្ចាស់ក្លឹបបារាំង គឺបញ្ជាក់ថា ក្លឹបអធិរាជសនៅសល់ពេលត្រឹមថ្ងៃសុក្រនេះទៀត ក្នុងការដាក់តម្លៃតាមអ្វីដែល PSG ចង់បាន ហើយដំណឹងផ្លូវការបែបណានឹងប្រកាសនៅពេលនោះហើយ៕
ប្រភព៖ FootballEspana