Neymar ​ចោទ​អាជ្ញាកណ្ដាល ​ថា​មិន​ផ្ដល់​ការ​គោរព​ដល់​ខ្លួន

Neymar ​បាន​ចោទ​អាជ្ញាកណ្ដាល​ថា​មិន​ផ្ដល់​ការ​គោរព ​ឱ្យ​តម្លៃ​មក​លើ​ខ្លួន ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម​អែល​សាវ៉ាឌ័រ​កាល​ពី​ម្សិលមិញ​នេះ។

ប្រធាន​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ​ទទួល​បាន​កាត​លឿង​១​ក្នុង​ការ​ប្រកួត​ដែល​ឈ្នះ​ក្រុម​អែល​សាវ៉ា​ឌ័រ ​ក្នុង​លទ្ធផល ៥-០ ​កន្លង​ទៅ​នេះ ​នា​ប្រកួត​មិត្តភាព​អន្តរជាតិ​។ ​ក្រុម​ឈ្នះ​ច្រើន​យ៉ាង​នេះ​មែន ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​បង្ហាញ​អារម្មណ៍​មិន​ពេញ​ចិត្ត​ចំពោះ​អាជ្ញាកណ្ដាល​ឡើយ ។ រូបគេ​បាន​ចោទ​លោក Jair Marrufo ​ថា​ជា​មនុស្ស​មិន​ផ្ដល់​ការ​គោរព​ដល់​កីឡាករ ​ក្រោយ​ពី​ចាយ​កាត​លឿង​មក​លើ​រូបគេ ​ពេល​ដួល​នៅ​ប្រអប់​គ្រោះ​ថ្នាក់។

ខ្សែ​ប្រយុទ្ធ​លេង​ឱ្យ​ក្រុម PSG ​បាន​បន្ថែម​ទៀត​ថា​ខ្លួន​មិន​មែន​ធ្វើ​ពុត​ជា​ដួល​ឡើយ​នៅ​គ្រា​នោះ ​ដោយ​វា​ពិត​ជា​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មែន។ ការ​ដួល​នេះ ​បើ​អាជ្ញាកណ្ដាល​មិន​ផ្ដល់​កំហុស​ទៅ​ខាង​ក្រុម​អែល​សាវ៉ាឌ័រ​ទេ ​ក៏​មិន​ត្រូវ​ផ្ដល់​កាត​លឿង​មក​លើ​រូប​គេ​ដែរ។ ត្បិត​អី​ការ​ដួល​នេះ គឺ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មែន ​ប្រសិន​បើ​គ្រាន់​តែ​អិចឹង​បាន​កាត​លឿង​ដែរ​នោះ ​វា​ហាក់​ដូចជា​មិន​ផ្ដល់​តម្លៃ​ដល់​កីឡាករ​ឡើយ។

Neymar ​បាន​បញ្ជាក់​ថា​ការ​បាន​កាត​លឿង​នេះ ​ធ្វើ​ឱ្យ​ខ្លួន​លេង​គ្មាន​កម្លាំង​ចិត្ត​សោះ ព្រោះ​ជាប់​កាត​១​រួច​ស្រេច។ វា​បាន​ផ្ដល់​ភាព​ប៉ះ​ពាល់​ដល់​ក្រុម​ប្រេស៊ីល​ទាំង​មូល ​មិនមែន​ត្រឹម​តែ​រូបគេ​ឡើយ ​នៅ​ពេល​អាជ្ញាកណ្ដាល​កាត់​សេចក្ដី​មិន​យុត្តិធម៌​បែប​នេះ។

រំលឹក​ទៅ​វិញ​ថា ​Neymar  ​ទទួល​បាន​ការ​រិះគន់​ច្រើន​មែនទែន តាំង​ពី​លេង​នៅ World Cup 2018 ​មក រឿង​ដែល​រូបគេ​ធ្វើ​ពុត​ជា​ដួល​នេះ៕ប្រភព៖ ESPN

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT