ក្លឹប Barcelona ពេលនេះកំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ហើយបញ្ជីកីឡាករដែលពួកគេចង់លក់ចេញក៏លឺមកថាមានច្រើននាក់ដែរ ពោលឲ្យតែចរចាត្រូវថ្លៃ គឺក្លឹបមិនរារែកនឹងវ៉ៃចេញឡើយ។
ជាក់ស្តែងសម្រាប់ក្លឹបស្ករគ្រាប់ខៀវ Everton របស់លីគកំពូល Premier League ក៏មានដំណឹងថា ចាប់អារម្មណ៍ចង់បានខ្សែការពារក្រៅជម្រើសរបស់លោក Ronaldo Koeman មួយរូប នោះគឺ Samuel Umtiti ដែលក្លឹបចង់ជ្រេយកមុនបិទទីផ្សារដោះដូររដូវក្តៅ នាថ្ងៃទី ៣១ សីហាខាងមុខ។
បើតាមសារព័ត៌មាន The Express ចុះផ្សាយថា ក្លឹប Everton បានដាក់តម្លៃចរចាទៅភាគីក្លឹប Barcelona ហើយ ដោយមានបំណងចង់យកកីឡាករបារាំងមកចូលរួមនៅ Goodison Park ឲ្យបាននៅកំឡុងប៉ុន្មានសប្តាហ៍បន្ទាប់។
រំឭកឲ្យដឹងដែរថា Umtiti កាលពីប្រកួតបើកឆាក គេពុំបានស្ថិតក្នុងការជ្រើសរើសរបស់អ្នកចាត់ការសញ្ជាតិហូឡង់នោះទេ ពោលដូចបញ្ជាក់ពីខាងដើមទំនងជាលែងជាតម្រូវការរបស់ក្លឹបតទៅទៀតហើយ។ ខ្សែការពារកណ្តាលខាងលើ បានផ្ទេរមក Barcelona នៅខែកក្កដា ឆ្នាំ ២០១៦ ហើយសរុបការបង្ហាញខ្លួន ១៣៦ ប្រកួត គេរកបាន ២ គ្រាប់៕
ប្រភព៖ The Express