Manny Pacquiao កំពូលអ្នកប្រដាល់ហ្វីលីពីន នឹងត្រូវប្រកួតជាមួយកីឡាករ Yordenis Ugas នៅថ្ងៃទី ២១ ខែសីហាខាងមុខនេះនៅសង្វៀន Las Vegas។
ដំបូងឡើយ Pacman ត្រូវតតាំងជាមួយអ្នកលេងវ័យក្មេង Errol Spence ទេ ប៉ុន្ដែដោយសារតែរូបគេមានរបួសភ្នែកត្រូវវះកាត់ជាបន្ទាន់នោះ ទើបត្រូវប្ដូរដៃគូបែបនេះ។ ដោយអ្នកមកជំនួស Spence គឺកីឡាករគុយបា Yordenis Ugas ដែលជាអ្នកខ្លាំងមួយរូបផងដែរ។ ដោយមុនការប្រកួតនោះចាប់ផ្ដើម កីឡាករហ្វីលីពីនបានបញ្ជាក់ថាលោកមិនអាចមើលស្រាល Ugas បានទេ ព្រោះគេក៏ជាកីឡាករឆ្នើមម្នាក់ផងដែរ។
យ៉ាងណាមិញ កីឡាករវ័យ៤២ឆ្នាំខាងលើនេះ ក៏បានបង្ហើបពីគម្រោងក្រោយចប់ការប្រកួតនៅចុងសប្ដាហ៏នេះដែរ។ Pacman បាននិយាយថា៖ “ខ្ញុំកំពុងព្យាយាមឱ្យបានល្អបំផុតនៅពេលហ្វឹកហាត់នេះ។ ខ្ញុំប្រឹងប្រែងខ្លាំងមែនទែន ដូច្នេះខ្ញុំអាចត្រៀមខ្លួនរួចរាល់បានល្អសម្រាប់ការប្រកួតខ្សែក្រវ៉ាត់នៅថ្ងៃសៅរ៍នេះ។ ខ្ញុំសង្ឃឹមថាគ្រប់គ្នានឹងមើលការប្រកួតនេះ។ វានឹងក្លាយជាការប្រកួតល្អមើលមួយ វាអាចជាប្រកួតចុងក្រោយរបស់ខ្ញុំក៏ថាបាន”៕
ប្រភព៖ Dailymail