Bernardo Silva មួយរយៈចុងក្រោយនេះ ដូចប្រិយមិត្តបានដឹងស្រាប់ហើយ គឺគេមានបំណងចង់ចាកចេញពីក្លឹប Manchester City ព្រោះគិតថា អាចនឹងមិនបានលេងពេញលេញដូចមុន ណាមួយកីឡាករតំណែងប្រយុទ្ធក្នុងក្រុមក៏កាន់តែគរជើងផងនោះ។
បើតាមការឲ្យដឹងពីអ្នកសារព័ត៌មានសញ្ជាតិព័រទុយហ្គាល់លោក Felipe Dias បានទម្លាយថា ក្លឹបនៅអង់គ្លេសក៏ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធស្លាបខាងលើដែរ តែគេបដិសេធ ព្រោះស្ម័គ្រស្មោះចង់ទៅលេងឲ្យតែក្លឹប Barcelona មួយគត់។
តាមការបញ្ជាក់ប្រាប់ Transfer Talk ពាក់ព័ន្ធនឹងអនាគតរបស់បុរសវ័យ ២៧ ឆ្នាំ លោក Dias និយាយ៖ “យើងទទួលបានព័ត៌មានថា Bernardo គេគិតច្បាស់ហើយថាចង់ចាកចេញ តែគេចង់ទៅ Barcelona គ្រាន់ថាស្ថានភាពក្លឹបអេស្ប៉ាញពេលនេះ ពិតជាពិបាកនឹងនាំយក Bernardo ខ្លាំងណាស់”។
លោកបន្ត៖ “ចុងក្រោយទៀតយើងលឺថា គេបានបដិសេធសំណើផ្ទេរទៅ Arsenal ដោយករណីនេះ ខ្ញុំក៏យល់ស្របព្រោះគិតថាវាមិនមែនជាការបោះជំហានដ៏ត្រឹមត្រូវមួយនោះទេក្នុងអាជីពរបស់ Bernardo ដូច្នេះពេលនេះ កំពុងក្លាយជាសំណួរមួយហើយ ថាគេនឹងទៅណាបន្តៅទៀត ស្របពេលដែលគេចង់ចែកផ្លូវពី City ហើយនោះ”៕
ប្រភព៖ Sportsmole