ក្រោយចាយពេល ១៦ ឆ្នាំនៅក្លឹប Barcelona ទីបំផុតតារាឆ្នើម Lionel Messi និងភាគីក្លឹប បានសម្រេចច្បាស់ការ ១០០ ភាគរយហើយអំពីការចែកផ្លូវ ក្រោមហេតុផលការរាំងស្ទះនៅវិបត្តិហិរញ្ញវត្ថុ ក៏ដូចជាច្បាប់កំណត់របស់ក្របខ័ណ្ឌ La Liga។
តាមការប្រកាសផ្លូវការពីក្លឹប Barcelona នៅម៉ោងទាបភ្លឺឈានចូលថ្ងៃទី ៦ សីហា ឆ្នាំ ២០២១ បានឲ្យដឹងថា ភាគីក្លឹបនិងកីឡាករក៏កៀកនឹងទម្លាក់ចុងប៊ិចចុះហត្ថលេខាថ្មីត្រូវប្រកាសថ្ងៃនេះហើយ តែដោយសារបញ្ហាហិរញ្ញវត្ថុនិងរចនាសម្ព័ន្ធមួយចំនួន ដែលជាច្បាប់កំណត់របស់ក្របខ័ណ្ឌកំពូលអេស្ប៉ាញ ក៏នាំឲ្យកិច្ចព្រមព្រៀងក្លាយជាឥតន័យ។
ក្លឹប Barcelona ក៏បានបង្ហាញការសោកស្តាយ ហើយមានតែពាក្យអរគុណសម្រាប់ពេលវេលាកន្លងមករបស់ M10 និងជូនពរសម្រាប់ដំណើរជីវិតថ្មីរបស់គេនៅពេលខាងមុខ មិនថាតែជីវិតផ្ទាល់ខ្លួន និងជីវិតលើទីលានបាល់ទាត់។
បើតាមចចាមអារ៉ាមកំពុងផ្ទុះខ្លាំងនៅពេលនេះ Messi ទំនងជាផ្ទេរទៅកាន់ក្លឹប ១ ក្នុងចំណោមក្លឹបយក្ស ២ ដោយអាចជា Manchester City ឬ Paris Saint-Germain។ ស្ថានការណ៍ដ៏តក់ក្រហល់នេះ សម្រាប់មេឃខៀវអាចជាមានឱកាសច្រើន ពោលប្រសិនណាពួកគេបោះបង់ការចង់បាន Harry Kane ហើយជំនួសមកវិញដោយ Lionel Messi៕
ប្រភព៖ FC Barcelona