អតីតជើងចាស់លោក John Barnes បានបង្ហាញការយល់ឃើញចំពោះក្លឹប Liverpool ថាប្រសិនជាចង់បាន Marco Verratti នោះជាការគិតដ៏ខុសឆ្គងមួយហើយ ព្រោះចង្វាក់លេងរបស់ខ្សែបម្រើសញ្ជាតិអ៊ីតាលីរូបនេះ មិនចុះសម្រុងនឹងប្រព័ន្ធលេងជារួមរបស់ហង្សក្រហមឡើយ។
ផ្ទុយទៅវិញលោកណែនាំឲ្យយក ខ្សែប្រយុទ្ធស្លាបជម្រើសជាតិអ៊ីតាលីវិញ គឺ Lorenzo Insigne ដែលគេមានចង្វាក់លេងរហ័ស និងត្រូវនៅអ្វីដែល Liverpool កំពុងធ្វើសព្វថ្ងៃ។ ប្រាប់សារព័ត៌មានកាលពីពេលកន្លងទៅ អតីតវីរបុរសវ័យ ៥៧ ឆ្នាំនិយាយ៖ “ខ្ញុំគិតថា Insigne គេអាចសម្របបាននឹងការលេងឲ្យហង្សល្អប្រសើរជាង Verratti”។
លោកបន្ថែម៖ “Veratti គេធ្វើឲ្យការប្រកួតធ្លាក់ចុះល្បឿន ហើយបើទោះបីគេអាចបញ្ជូនបាល់ស្អាតៗច្រើនតែខ្ញុំគិតថាមិនចាំបាច់សម្រាប់ Liverpool ពេលនេះឡើយ ព្រោះតំបន់បម្រើរបស់ក្រុមដែលមានស្រាប់ដូចជា Henderson, Milner, Oxlade-Chamberlain គឺរឹងមាំគ្រាន់គ្រាប់ហើយ”។
“ខុសគ្នាពី Insigne ចង្វាក់នៃការលេងរបស់គេ គឺត្រូវគ្នានឹង Liverpool តែពេលនេះយើងក៏មាន Jota ហើយ Origi ក៏នៅឈរជើងដែរ ដូច្នេះវាស៊ីសងលើមាននរណាចេញឬអត់សិន ព្រោះបើយកមកហើយ ក៏មានកីឡាករជាច្រើនដែលនឹងមិនបានលេង”៕
ប្រភព៖ SportBible