ក្លឹប Manchester City ទំនងជានឹងត្រូវរុះរើកីឡាករមួយចំនួនចេញហើយ មុនបិទទីផ្សារដោះដូររដូវក្តៅនៅថ្ងៃទី ៣១ សីហាខាងមុខ មិនថាតែប្រព័ន្ធជួរក្រោមនិងខាងលើ។ ជាក់ស្តែងថ្មីៗនេះ មានដំណឹងមកថា កីឡាករ Aymeric Laporte ជាខ្សែការពារកណ្តាល ហាក់ចង់ចាកចេញពីក្លឹបហើយ។ នេះបើតាមសារព័ត៌មាន 90mins បានចុះផ្សាយ។
ប្រភពបានឲ្យដឹងថា Laporte គេបានប្រាប់ទៅភ្នាក់ងារអំពីបំណងនៃការចាកចេញ ក្រោយពីមិនសូវបានលេង និងជ្រើសរើសពីសំណាក់អ្នកចាត់ការលោក Pep Guardiola។ ពេលវេលារបស់គេលើទីលាន ច្រើនតែត្រូវបានជំនួសដោយ John Stones, Ruben Dias និង Nathan Ake។ ចំពោះទ្រនំថ្មី គេចង់ផ្ទេរទៅក្លឹបនៅអេស្ប៉ាញ ដែលអាចជា Barcelona ឬក៏ Real Madrid។
យ៉ាងណាតាមស្ថានភាពនេះ Barca ប្រហែលជាពិបាកយក Laporte បន្តិច តែបើ Real បែបសង្ឃឹមខ្ពស់ ព្រោះអីកុងត្រារបស់កីឡាករអេស្ប៉ាញសេសសល់ជាមួយ City ដល់ចុងខែមិថុនា ឆ្នាំ ២០២៥ នាំឲ្យតម្លៃខ្លួនរបស់គេអាចខ្ពស់គួរសមចូល ៤៥ លានអឺរ៉ូឯណោះ។
គួរបញ្ជាក់ថា Athletic បានលក់ Laporte ឲ្យមក Man City កាលពីរដូវក្តៅ ឆ្នាំ ២០១៨ ជាមួយតម្លៃផ្ទេរ ៦៥ លានអឺរ៉ូ។ ស្ថិតិសរុប គេបង្ហាញខ្លួន ២២២ ប្រកួត រកបាន ១០ គ្រាប់និង Assist ៦ លើក៕
ប្រភព៖ 90mins