ក្រុមជម្រើសជាតិហូឡង់បន្ទាប់ពីធ្វើមិនសូវបានល្អនៅរយៈពេលចុងក្រោយ ទីបំផុតសហព័ន្ធក៏សម្រេចដកតំណែងអ្នកចាត់ការលោក Frank de Boer ចេញហើយ និងជំនួសមកវិញដោយអតីតគ្រូបិសាចក្រហមលោក Louis van Gaal។
de Boer បានដឹកនាំជម្រើសជាតិហូឡង់ជិត ១ ឆ្នាំ ពោលពីខែកញ្ញា ឆ្នាំ ២០២០ មកទល់ពេលចុងក្រោយ ដោយ ១៥ ប្រកួត ដឹកនាំក្រុមឈ្នះ ៨ ស្មើ ៤ និងចាញ់ ៣ ហើយបានធ្លាក់ចេញពី Euro 2020 ត្រឹមវគ្គ ១៦ ក្រុម បន្ទាប់ពីចាញ់សាធារណរដ្ឋឆេក ២-០។
ជាមួយការមកដល់របស់ Van Gaal មិនទាន់ច្បាស់ថាជាប់កុងត្រាប៉ុន្មានឆ្នាំនោះទេ តែសារនេះគឺជាលើកទី ៣ ហើយ ក្នុងការប្រកាសជាអ្នកចាត់ការក្រុមជម្រើសជាតិហូឡង់។ បញ្ជាក់ថា Van Gaal បានទំនេរពីអាជីពជាអ្នកចាត់ការតាំងពីឆ្នាំ ២០១៦ ក្រោយបាត់បង់តំណែងពីក្លឹប Man Utd។
នៅការឡើងកាន់តំណែងថ្មី បុរសវ័យ ៦៩ ឆ្នាំមានប្រសាសន៍ថា៖ “សហព័ន្ធបាល់ទាត់ហូឡង់តែងតែនៅក្នុងបេះដូងខ្ញុំរហូត ហើយការដឹកនាំជម្រើសជាតិតែងតែស្ថិតក្នុងការមើលឃើញរបស់ខ្ញុំក្នុងការអភិវឌ្ឍវិស័យបាល់ទាត់ ដោយខ្ញុំពិតជាមានកិត្តិយសណាស់ការដែលបានមកដឹកនាំក្រុមជម្រើសជាតិហូឡង់សារជាថ្មី”៕
ប្រភព៖ AF