• គ្រូ​ព័រទុយហ្គាល់៖ វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ពិបាក​បំផុត ពេល​ប៉ះ​អ៊ីតាលី

    លោក Fernando Santos ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​បាន​និយាយ​ថា​ប៉ះ​អ៊ីតាលី ​នឹង​ក្លាយ​ជា​ការ​ប្រកួត​ពិបាក​បំផុត​មួយ​សម្រាប់​ក្រុម​លោក ​នៅ​រាត្រី​នេះ។

    ព័រទុយហ្គាល់ ​នឹង​ស្វាគមន៍​ក្រុម​អ៊ីតាលី នៅ​វេលា​ម៉ោង​១:៤៥​នាទី​រំលង​អាធ្រាត្រ​នេះ ​ដើម្បី​ស្វែង​រក​៣​ពិន្ទុ ​ពាន​រង្វាន់ UEFA Nations League ​ក្នុង​ពូល A។ ​ក្រុម​ម្ចាស់​ជើង ឯក Euro 2016 ​នេះ ​នឹង​លេង​ដោយ​គ្មាន​វត្តមាន​តារា​ឆ្នើម​របស់​ខ្លួន Cristiano Ronaldo ​ឡើយ ដូច្នេះ​ហើយ​ទើប​បាន​ជា​លោក Santos ​ដែល​ជា​គ្រូ​បង្វឹក​គិត​ថា​ក្រុម​របស់​​ខ្លួន ​ពិត​ជា​ជួប​ផល​ពិបាក​ច្រើន​ជាក់​ជា​មិន​ខាន។

    “អ៊ីតាលី ​កំពុង​ព្យាយាម​ស្ដា​មុខ​មាត់​ឡើង​វិញ ​ក្រោយ​ពី​ពួកគេ​ភ្លាត់​មិន​បាន​ទៅ​លេង​នៅ World Cup 2018 ។ នេះ​ជា​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​ថ្មី​មួយ ដែល​ពួកគេ​នឹង​ព្យាយាម​ឱ្យ​ខ្លាំង​បំផុត។ វា​ពិបាក​ណាស់​ក្នុង​ការ​និយាយ​ថា​ក្រុម​ណា​មាន​ប្រៀប​ជាង​ក្នុង​ការ​ប្រកួត​នេះ ​ប៉ុន្តែ​អ្វី​ដែល​ច្បាស់​គឺ​វា​នឹង​ធ្វើ​ឱ្យ​យើង​ពិបាក​ក្នុង​ការ​យក​ឈ្នះ​ពួកគេ”។ សម្ដី​របស់​លោក Santos ​។

    ព័រទុយហ្គាល់ ​នឹង​លេង​ប្រកួត​ដំបូង​របស់​ខ្លួន​នៅ​រាត្រី​នេះ ​ខណៈ​ដែល​អ៊ីតាលី​វិញ ​លេង​ប្រកួត​ទី​២​ហើយ។ ​កាល​ពី​ប្រកួត​ទី​១​កន្លង​ទៅ អ៊ីតាលី​បាន​ត្រឹម​ស្មើ​ប៉ូឡូញ​ក្នុង​លទ្ធផល ១-១ ​ប៉ុណ្ណោះ៕ប្រភពDailyMail

     

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT