Harry Kane នៅតែមិនទាន់បង្ហាញខ្លួនលើទីលានហ្វឹកហាត់ជាមួយក្លឹបអាណាព្យាបាល Tottenham Hotspur នៅថ្ងៃអង្គារ ដែលនេះជាថ្ងៃទីពីរហើយ គេបានអវត្តមាន។ វាកាន់តែធ្វើឲ្យមានការសង្ស័យថា កីឡាករអង់គ្លេស ហាក់ដូចកំពុងរំអុកចង់សុំក្លឹបចាកចេញ។
តាមថា Kane ត្រូវមកធ្វើតេស្ត PCR ដើម្បីពិនិត្យស្ថានភាពសុខភាព តាំងតែពីថ្ងៃចន្ទ ឥឡូវចូលមកដល់ថ្ងៃអង្គារនៅតែមិនទាន់បង្ហាញមុខ។ បើតាមសារព័ត៌មាន London Evening Standard ចុះផ្សាយថា ក្លឹប Spurs ក៏អស់ការអត់ធ្មត់ហើយដែរ ពោលគឺក្លឹបនឹងធ្វើការផាកពិន័យ ឆ្លើយតបទៅនឹងការមិនបង្ហាញខ្លួនដោយគ្មានមូលហេតុច្បាស់លាស់ ហើយទាក់ទងនឹងរឿងព្រមលក់គេចេញឬអត់ ក្លឹបនឹងនៅតែអូសបន្លាយទុកចោលដដែល។
បញ្ជាក់ថា ស្ថានភាពចុងក្រោយនៃការចរចារវាងក្លឹប Man City និង Tottenham គឺខុសគ្នាតែជាង ៤០ លានផោនប៉ុណ្ណោះ នោះគឺត្រង់ថា ក្លឹបអាណាព្យាបាលដឹកនាំដោយប្រធានក្លឹបលោក Daniel Levy ចង់បានតម្លៃខ្លួន Kane ១៦០ លានផោន តែ City ព្រមឲ្យត្រឹម ១២០ លានផោនជាកំហិត៕
ប្រភព៖ BeSoccer