Sergio Ramos បានជ្រើសរើសយកកីឡាករ Luka Modric សក្ដិសមឈ្នះពានរង្វាន់ FIFA Best Player of the Year ជាង Cristiano Ronaldo នៅឆ្នាំ២០១៨នេះ។
Ronaldo និង Modric សុទ្ធតែជាមិត្តរួមក្រុមរបស់ Ramos នៅរដូវកាលមុន និងជាអ្នកមានចំណែកនាំក្រុមReal Madrid ជោគជ័យឈ្នះពាន UEFA Champions League ៣ឆ្នាំជាប់គ្នាផងដែរ។ យ៉ាងណាមិញ លទ្ធផលនៅក្រុមជម្រើសជាតិ ជាកត្ដាធ្វើឱ្យ Ramos ជ្រើសយក Modric ដែលសក្ដិសមឈ្នះពាន FIFA Best Player of the Year ជាងគេ ព្រោះខ្សែបម្រើក្រូអាតរូបបានជួយប្រទេសឡើងដល់វគ្គផ្ដាច់ព្រ័ត្រ World Cup 2018។
ប្រធានក្រុម Real Madrid បាននិយាយដូច្នេះថា៖ “មានកីឡាករប៉ុន្មានដែលលេងល្អបំផុតនៅរដូវកាលមុន។ Modric មិត្តរួមក្រុមរបស់ខ្ញុំ ក៏មានម្នាក់ក្នុងនោះដែរ។ គាត់ពិតជាកីឡាករល្អម្នាក់ និងជា
អ្នកដឹកនាំក្រុមបានយ៉ាងល្អក្នុងទីលាន។ គាត់អាចផ្លាស់ប្ដូរការប្រកួតបាន។ សម្រាប់ពាន Best Player នេះ ខ្ញុំគិតថាគាត់សមទទួលយកវាបាន”។
សូមបញ្ជាក់ថាពានរង្វាន់ FIFA Best Player of the Year ផ្នែកបុរស មានបេក្ខភាព៣នាក់ចុងក្រោយ Modric , Ronaldo និង Salah ។ ការប្រកាសលទ្ធផលអ្នកឈ្នះ នឹងធ្វើឡើងនៅទីក្រុងឡុង ប្រទេសអង់គ្លេស នៅថ្ងៃទី២៤ខែនេះ៕ប្រភពDailyMail