ក្លឹប Juventus ដែលទើបតែរបូតកីឡាករសំខាន់ Georgio Chiellini ក៏នឹងត្រៀមទទួលរូបគេវិលត្រលប់មកវិញសារជាថ្មីផងដែរ ក្រោយពីសាមីខ្លួនបានប្រកាសក្តែងៗថា នឹងចូលរួមជាមួយលោក Massimiliano Allegri នៅរដូវកាលថ្មី ២០២១/២២។
ខ្សែការពារសំខាន់សញ្ជាតិអ៊ីតាលី ទើបតែចប់ភារកិច្ចជួយអ៊ីតាលីលើកពាន Euro 2020 ហើយសុពលភាពកុងត្រារបស់គេនៅក្លឹបបានផុតកាលពីចុងខែមិថុនា ឆ្នាំ ២០២១ ហើយក្លឹបក៏មិនទាន់បានបន្តឲ្យថ្មីនោះដែរ ទើបតែពេលនេះ បុរសវ័យ ៣៦ ឆ្នាំបានឲ្យតម្រុយច្បាស់លាស់ ថាការបន្តនៅក្លឹបមានមូលដ្ឋានក្នុងទីក្រុង Turin នឹងពិតជាកើតឡើង។
តាមការចុះផ្សាយរបស់ Marca បានសម្រង់សម្តី អតីតប្រធានក្រុម Juventus បែបនេះថា៖ “ខ្ញុំនឹងទៅដល់ទីក្រុង Turin នៅថ្ងៃចន្ទ (ទី ២ សីហា) ដោយលោក Massimiliano Allegri កំពុងរង់ចាំខ្ញុំនៅទីនោះ ដោយខ្ញុំនឹងទៅចូលរួមនៅ [Juventus] ហើយនឹងព្យាយាមបញ្ចប់អាជីពរបស់ខ្ញុំ ជាមួយការឈ្នះពានរង្វាន់កាន់តែច្រើនបន្ថែមទៀត ព្រោះវាជាភាពស្រេកឃ្លានពិតប្រាកដ”។
បើតាមចចាមអារ៉ាមសុពលភាពកុងត្រាថ្មីរបស់ Chiellini ទំនងជាបន្ថែមរយៈពេល ២ ឆ្នាំមានន័យថា នឹងផុតនៅចុងខែមិថុនា ឆ្នាំ២០២៣ ហើយជាមួយប្រាក់ពលកម្ម ២,៥ លានអឺរ៉ូ/ឆ្នាំ បូកនឹងប្រាក់ឧបត្ថម្ភផ្សេងៗ៕
ប្រភព៖ Sportskeeda