កំឡុងពេល Zinedine Zidane ចាកចេញពីតំណែងជាអ្នកចាត់ការក្លឹប Real Madrid សម្រាប់លោក Massimilano Allegri ក៏ធ្លាប់ទទួលបានសំណើពីភាគីក្លឹបអេស្ប៉ាញមួយនោះដែរ តែលោកបានច្រានចោល ហើយជ្រើសរើសការត្រលប់មកដឹកនាំក្លឹបសេះបង្កង់ Juventus ជំនួសវិញ។
បុរសវ័យ ៥៣ ឆ្នាំបានវិលមកទីក្រុង Turin ជាលើកទី ២ ហើយត្រៀមនឹងបើករដូវកាលថ្មី ២០២១/២២ នៅពេលខាងមុខនេះ។ លោកក៏ត្រៀមដឹកនាំក្រុមប្រកួតមិត្តភាពទល់ Barcelona នៅថ្ងៃទី ៩ សីហាខាងមុខ នៅឯកីឡដ្ឋាន Camp Nou។
ពាក់ព័ន្ធនឹងការទៅដឹកនាំនៅ Real Madrid លោក Allegri ក៏បាននិយាយថា៖ “ខ្ញុំពិតជាអរគុណដល់ប្រធានក្លឹប Real Madrid ដែលផ្តល់ឱកាសសម្រាប់ខ្ញុំ តែមូលហេតុខ្ញុំជ្រើសយក Juventus ក៏ដោយសារខ្ញុំស្រលាញ់ក្លឹបមួយនេះ ហើយខ្ញុំជឿជាក់លើក្រុមក្មេងខ្ចី មួយនេះថាអាចធ្វើបាន ហើយយើងនឹងទទួលបានជ័យជម្នះជាមួយគ្នា ដោយវាជារឿងដ៏សំខាន់បំផុត”។
លោកបន្ត៖ “ឥឡូវយើងអស់ពេលនិយាយពីអតីតកាលហើយ គឺមានតែផ្តោតសំខាន់ទៅអនាគតកាល តែយ៉ាងណាខ្ញុំនៅតែអរគុណក្លឹបទាំងអស់ដែលផ្តល់សំណើសម្រាប់ខ្ញុំ ខណៈពេលនោះពេលខ្ញុំក្រោកឡើង ខ្ញុំបានតេទៅលោក Andrea [Agnelli] ដើម្បីសុំគាត់ជួបពិភាក្សា និងត្រលប់មកដឹកនាំដូចពេលនេះវិញ”។
គួរបញ្ជាក់ថា កាលនៅដឹកនាំលើកទី ១ Allegri ធ្លាប់ជួយ Juventus ឈ្នះពាន Serie A ៥ លើក និងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UCL ២ លើកដែរ ពេលចាញ់ Barcelona និង Real Madrid៕
ប្រភព៖ SoccerLaduma