Kylian Mbappe និង Neymar Jr ថ្មីៗនេះបានលាតត្រដាងពីទំនាក់ទំនងដ៏ល្អរបស់ពួកគេ ដោយមានចក្ខុវិស័យដូចគ្នា នោះគឺមិនខ្វល់រឿងពានរង្វាន់ឯកត្តជនជាធំទេ សំខាន់ឲ្យតែក្លឹបអាចឈ្នះពានរង្វាន់ UEFA Champions League។
ពាក់ព័ន្ធនឹងពានឯកត្តជនប្រចាំឆ្នាំ Ballon d’Or ជាទូទៅបើកីឡាករនោះអាចលើកពាន UCL ហើយ ក៏ពួកគេនឹងមានភាគរយច្រើនដែរ។
យ៉ាងណាពាក់ព័ន្ធនឹងរឿងរ៉ាវដែលបារម្ភខ្លាចមើលមុខគ្នាមិនចំ បើនរណាម្នាក់ឈ្នះ Ballon d’Or ក៏ត្រូវបាន Mbappe និយាយប្រាប់ទស្សនាវដ្ដីផ្លូវការក្លឹប PSG បែបនេះថា៖ “ខ្ញុំជឿថាអ្វីដែលសំខាន់បំផុតគឺជួយក្រុមទទួលបានជ័យជម្នះ ហើយនោះគឺសម្រាប់ Paris Saint-Germain ហើយប្រសិនថ្ងៃណាមួយក្លឹបឈ្នះពាន [UCL] រីឯ Neymar ដែលគេជាកីឡាករល្អស្រាប់ផង អ៊ីចឹងគេសក្តិសមនឹងទទួលបានពាន Ballon d’Or តែបើខ្ញុំចង់បានវាខ្លាំងជាង ក៏ខ្ញុំនឹងឈ្នះ តែគ្រាន់ថាក្លឹប Paris Saint-Germain គឺជារឿងសំខាន់បំផុត ព្រោះយើងពាក់អាវតែមួយរួមគ្នា យើងធ្វើល្អជាមួយគ្នា”។
ទៅមើលសម្តីរបស់ Neymar វិញ ក៏ឆ្លើយថា៖ “ខ្ញុំមានអារម្មណ៍ដូចតែ Mbappe អ៊ីចឹងដែរ យើងជាកីឡាករល្អទាំង ២ រូបដែលចង់ស្ថិតនៅកម្រិតដ៏ខ្ពស់រយៈពេលយូរតាមដែលអាចធ្វើទៅបាន ហើយយើងលេងក្នុងក្រុមតែមួយ ដូច្នេះគ្មានអ្វីធំជាងការដែលក្លឹប PSG អាចក្លាយជាម្ចាស់ជើងឯកនោះទេ”៕
ប្រភព៖ Marca