អតីតកីឡាករជើងចាស់លោក Glen Johnson បានបង្ហាញការជឿជាក់ថា ក្លឹបតោខៀវ Chelsea ប្រាកដណាស់ ពិតជានឹងលក់កីឡាករ ២ រូបនៅរដូវក្តៅ ឲ្យតែទទួលបានតម្លៃផ្ទេរសមរម្យពីក្លឹបណាមួយ។
នោះគឺខ្សែប្រយុទ្ធ Tammy Abraham និង Callum Hudson-Odoi ដែលមួយរយៈចុងក្រោយ គេហាក់ខ្សត់ឱកាសក្នុងការបង្ហាញខ្លួន ជាពិសេសក្រោយពេលនៃការមកដល់របស់ Timo Werner និង Kai Havertz។ ស្ថិតិជារួម Abraham គេរកបាន ៣០ គ្រាប់នៅការបង្ហាញខ្លួន ៨៣ ប្រកួត ស្របពេល Odoi រកបាន ១៣ គ្រាប់នៅការបង្ហាញខ្លួន ៩៨ ប្រកួត។
បើតាមការយល់ឃើញរបស់ Johnson អតីតកីឡាករធ្លាប់ចាយពេល ៤ ឆ្នាំនៅ Chelsea និយាយ៖ “ខ្ញុំគិតថា ប្រសិនក្លឹបទទួលបានសំណើដ៏ល្អណាមួយ ពួកគេប្រាកដជាលក់ Callum Hudson-Odoi និង Tammy Abraham ចេញហើយ ព្រោះខ្ញុំគិតថាអ្នកទាំងពីរមិនស្ថិតនៅអ្វីដែលលោក Thomas Tuchel ចង់បាន ឬត្រូវការឡើយ”។
លោកបន្ត៖ “អ្នកទាំងពីរអាចនឹងទទួលបានអាជីពដ៏អស្ចារ្យមួយ តែក៏ត្រូវការជ្រើសរើសក្លឹបណាមួយដ៏សក្ដិសមផងដែរ”៕ ប្រភព៖ Metro