ក្រុមអត្តពលិកកីឡាហែលទឹកជម្រើសជាតិកម្ពុជា បានដឹងកាលបរិច្ឆេទប្រកួតរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅប្រទេសជប៉ុនហើយ ខណៈកីឡាអត្តពលកម្ម ត្រូវប្រកួតនៅថ្ងៃទី៣១ ខែកក្កដា តែមិនទាន់ដឹងម៉ោងប្រកួតនោះទេ។
លោក ញ៉ាន សុខវិសាល នាយរងបេសកកម្ម បានឲ្យដឹងថា កីឡាហែលទឹកកម្ពុជា ដោយមានការផ្លាស់ប្ដូរមួយចំនួន នឹងត្រូវប្រកួតនាថ្ងៃទី៣០ ខែកក្កដាវិញ នាវេលាម៉ោង ៥ល្ងាច (ម៉ោងនៅកម្ពុជា) នៅមជ្ឈមណ្ឌលកីឡាហែលទឹក Tokyo Aquatics Centre។
ចំពោះអត្តពលិកកីឡាហែលទឹកកម្ពុជាមាន ២រូប គឺកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ដែលត្រូវប្រកួតវិញ្ញាសាហែល ៥០ម៉ែត្រសេរីដូចគ្នា។ សម្រាប់កីឡាករ ហែម ប៊ុច ត្រូវប្រកួតសេរីទី៤ (Heat-4) និងខ្សែបន្ទាត់ទី៦(Lane-6)។ រីឯកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ត្រូវប្រកួតសេរីទី៣ (Heat-3) និងខ្សែបន្ទាត់ទី៥ (Lane-5)។
នាយរងបេសកកម្មខាងលើ បញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួតនេះ គណៈកម្មការនឹងធ្វើការជ្រើសរើសកីឡាករ-កីឡាការិនីមានសិទ្ធិផលខ្ពស់ជាងគេ ឬប្រើថិរវេលាតិចជាងគេតាមសេរី ឬ Heat នីមួយៗចំនួន ១៨នាក់ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីបន្ដការប្រកួតដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រ និងប្រជែងមេដាយ។ ប៉ុន្ដែកីឡាករ-កីឡាការិនី មិនសូវរំពឹងក្នុងការឈានទៅដណ្ដើមមេដាយនោះទេ ព្រោះនេះជាការប្រកួតកម្រិតខ្ពស់ តែអ្វីដែលជាក្ដីរំពឹងរបស់អត្តពលិកកម្ពុជា គឺការធ្វើបានល្អក្នុងសេរី និងបំបែកសិទ្ធិផលចាស់របស់ខ្លួន។
ដោយឡែក កីឡាករអត្តពលកម្មកម្ពុជា កីឡាករ ប៉ែន សុគង់ ក៏កំពុងខិតខំប្រឹងប្រែងហ្វឹកហាត់ដូចគ្នា ដើម្បីត្រៀមការប្រកួតរបស់ខ្លួន នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ខាងមុខ ដោយកីឡាករ ប៉ែន សុគង់ ត្រូវប្រកួតលើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ។ ចំពោះម៉ោងប្រកួតវិញ គណៈកម្មការរៀបចំការប្រកួត គ្រោងនឹងប្រកាសថ្ងៃនេះ។ នេះបើតាមការបញ្ជាក់របស់លោក ញ៉ាន សុខវិសាល។
គួរបញ្ជាក់ថា បេសកកម្មចូលរួមប្រកួតព្រឹត្តិការណ៍ Tokyo Olympic Games 2020 នៅប្រទេសជប៉ុន ដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្ម ហើយកម្ពុជាបានទទួលសិទ្ធិអនុគ្រោះបញ្ជូនអត្តពលិក ២ប្រភេទកីឡាចូលរួមប្រកួត គឺកីឡាករ-កីឡាការិនីហែលទឹក ២រូប និងកីឡាករអត្តពលកម្មម្នាក់ ដែលនឹងត្រូវធ្វើការប្រកួតនាចុងសប្ដាហ៍ក្រោយ៕