ចចាមអារ៉ាមជុំវិញការចរចារវាងក្លឹប Man City និង Tottenham Hotspur លើការនាំយក Harry Kane ហាក់មិនទាន់សម្រេចចេញជាលទ្ធផល ១០០ ភាគរយនៅឡើយ តែគេជឿថា មានតម្រុយវិជ្ជមានច្រើនបើមើលតាមស្ថានភាពចុងក្រោយ។
ប្រសិនណាក្លឹប Spurs ហ៊ានទម្លាក់ថ្លៃខ្លួនបុរសវ័យ ២៧ ឆ្នាំពី ១៥០ លានផោន មកត្រឹម ១២០ លានផោន នោះមេឃខៀវនឹងមិនបង្អង់ទេលើការចុះហត្ថលេខាសម្រេច ខណៈដែលការចរចាបុគ្គលគឺត្រូវរ៉ូវគ្នាអស់ហើយ។
យ៉ាងណាបើតាមរបាយការណ៍ពី AF បានចុះផ្សាយថា វត្តមានរបស់ Kane នឹងរង្គោះរង្គើផ្ទៃក្នុងនៅ Man City ហើយអាចនឹងនាំឲ្យមានការចាកចេញនៃកីឡាករសំខាន់ ២ រូប ក៏ដោយសារទី ១ ជាផែនការណ៍របស់ក្លឹបដើម្បីកាត់បន្ថយការចំណាយ និងទី ២ ពួកគេនឹងក្លាយជាស្រមោល ពេលមាន Kane។
នោះគឺខ្សែប្រយុទ្ធស្លាប Bernardo Silva និងខ្សែប្រយុទ្ធកណ្តាល Gabriel Jesus ដែលបច្ចុប្បន្នពួកគេរាងខ្សត់ឱកាសស្រាប់ផង ដោយសារកីឡាករគរជើងគ្នាច្រើន។ ដូច្នេះបន្ថែមបន្ទុកប្រាក់ពលកម្ម Kane ខ្ទង់ ៤០០ ០០០ ផោន/សប្តាហ៍ទៀត អ៊ីចឹងមានតែត្រូវដកចេញខ្លះ។ ណាមួយនិយាយពីការរកគ្រាប់បាល់ Kane ជឿថានឹងអាចធានាបាន ២០ គ្រាប់ឡើងក្នុងមួយរដូវកាល ព្រោះស្ថិតិរយៈពេល ១០ ឆ្នាំ ចុងក្រោយ ជាមធ្យមគេអាចរកបាន ២៣,២ គ្រាប់ ធៀបនឹង Aguero អតីតជើងស៊ុតមាន ២៦ គ្រាប់៕
ប្រភព៖ AF