ប្រធានចាត់ការផ្នែកខ្ចីជើងកីឡាករនៅក្លឹប Chelsea លោក Tore Andre Flo បាននិយាយថា Erling Haaland ដែលជាកីឡាករគោលដៅក្លឹបចង់បាន គេនឹងអាចមកសម្របខ្លួនការលេងនៅអង់គ្លេសបានយ៉ាងងាយ ដោយគ្មានអ្វីគួរឲ្យខ្វាយខ្វល់នោះទេ។
បច្ចុប្បន្នការចរចាមិនទាន់សម្រេចទៅបាន ១០០ ភាគរយនៅឡើយ តែតាមចចាមអារ៉ាមខាងក្លឹប Borussia Dortmund ក៏មិនបិទផ្លូវអ្វីនោះដែរ សំខាន់ឲ្យតែតម្លៃផ្ទេរ ដែលពួកគេចង់បាន ១៥០ លានផោន ក្លឹប Chelsea អាចផ្តល់មកឲ្យបាន។ ជាងនេះពួកគេចង់បានលុយសុទ្ធ មិនចង់លាយឡំការដោះដូរកីឡាករឡើយ។
យ៉ាងណាតាមការយល់ឃើញរបស់លោក Flo បានប្រាប់ bookmakers.co.uk ថា៖ “ខ្ញុំមិនគិតថា គេ [Haaland] នឹងមានបញ្ហាក្នុងការសម្របខ្លួនជាមួយបាល់ទាត់អង់គ្លេសឡើយ ដោយវប្បធម៌ ការរស់នៅនិងបែបបទទាំងឡាយ គឺស្រដៀងគ្នានឹងអ្នកដែលរស់នៅប្រទេសន័រវែស អ៊ីចឹងអាចសម្របទៅបានងាយ”។
លោកបន្ថែមថា៖ “ទាក់ទងនឹងភាសាក៏ប្រើប្រាស់ដូចគ្នា គ្រាន់ថាលើទីលានវាអាចជាតានតឹងជាងមុន ព្រោះនេះជាលីគដ៏លំបាកជាងលីគផ្សេងៗណាទាំងអស់ក្នុង តាមដែលខ្ញុំគិត”៕
ប្រភព៖ AF