Cristiano Ronaldo ធ្លាប់ទាក់ទងលក្ខណៈបុគ្គលទៅកាន់អតីតខ្សែបម្រើនៅក្លឹប Barcelona គឺ Ivan Rakitic ឲ្យផ្ទេរមកក្លឹប Juventus កាលពីរដូវក្តៅឆ្នាំ ២០១៩។ នេះបើតាមការបញ្ជាក់របស់កីឡាករក្រូអាតផ្ទាល់។
អតីតកីឡាករ Real Madrid បានសម្រេចផ្ទេរមកក្លឹបកំពូលនៅ Serie A កាលពីឆ្នាំ ២០១៨ ជាមួយតម្លៃ ៨៨ លានផោន ហើយគេហាក់មើលឃើញសមត្ថភាពរបស់ Rakitic ដោយក្រោយមួយឆ្នាំក៏បានទាក់ទងហៅ ឲ្យមកចូលរួមជាមួយគ្នា តែទំនងជាការចរចារវាងភាគីក្លឹប មិនត្រូវរ៉ូវទើបរឿងហ្នឹងវាមិនអាចកើតឡើង។
ប្រាប់ 24sata កីឡាករកំពុងឈរជើងឲ្យក្លឹប Sevilla និយាយ៖ “កាលពីរដូវក្តៅឆ្នាំ ២០១៩ Cristiano គាត់បានទាក់ទងមកខ្ញុំផ្ទាល់ ថាចង់ឲ្យខ្ញុំទៅ Juve គាត់ប្រាប់ថាក្លឹបក៏ចង់បានខ្ញុំដែរ តែការចរចាមិនអាចដំណើរការទៅបាន ដោយ Barcelona ទារតម្លៃខ្លួនខ្ញុំដល់ ៥០ លានអឺរ៉ូ វារាងខ្ពស់ពេក”។
គួរបញ្ជាក់ថា ចុងក្រោយ Rakitic ក៏ផ្ទេរត្រលប់មកក្លឹបចាស់ Sevilla នៅតម្លៃ ១,៥ លានអឺរ៉ូកាលពីឆ្នាំ ២០២០។ នៅ Sevilla បុរសវ័យ ៣៣ ឆ្នាំធ្វើបានល្អគួរសម ដោយរដូវកាលចាស់បង្ហាញខ្លួន ៥០ ប្រកួត រកបាន ៨ គ្រាប់និង Assist ៥ លើក៕
ប្រភព៖ SportBible