មានចចាមអារ៉ាមថា Antoine Griezmann អាចជានឹងវិលត្រលប់មកកាន់ក្លឹបចាស់ Atletico Madrid វិញ ក្រោយពីនៅក្លឹបថ្មី Barcelona គេធ្វើមិនបានល្អ ហើយចំពេលនេះអ្នកមានបុណ្យកំពុងជួបបញ្ហាផ្នែកហិរញ្ញវត្ថុថែមទៀត។
បើតាមការបញ្ជាក់របស់លោក Diego Simeone ដែលទើបតែបន្តកុងត្រាថ្មីក្លាយជាអ្នកចាត់ការកាន់ឆ្នាំយូរបំផុតមួយនៅលីគកំពូលអឺរ៉ុប និយាយបែបបញ្ឆិតបញ្ឆៀងក្នុងន័យបើកភ្លើងខៀវ ថាការផ្ទេរនេះ ប្រហែលជាអាចធ្វើទៅបានពិតមែន តែគ្រប់យ៉ាងវាស៊ីសងលើការចរចានិងតម្រូវការចំណាយរបស់ក្លឹបដែរ។
Simeone និយាយប្រាប់ Marca៖ “តាមពិតទៅខ្ញុំមានទំនាក់ទំនងល្អខ្លាំងណាស់ជាមួយគេ ដោយលើសពីផ្នែកកីឡានេះទៅ កូនៗរបស់យើងនៅខាងក្រៅគឺតែងតែលេងជាមួយគ្នា ដូច្នេះខ្ញុំពិតជាចង់ឲ្យគេធ្វើបានល្អនៅ Barcelona ព្រោះគេជាកីឡាករដ៏លេចធ្លោម្នាក់”។
លោកបន្ត៖ “ខ្ញុំសង្ឃឹមថា គេអាចត្រលប់ទៅជាកីឡាករដែលធ្វើបានល្អដូចនៅ Euro, World Cup និងនៅ Atletico កាលពីរយៈពេល ៥ ឆ្នាំជាមួយពួកយើង”។
បន្តសួរនាំដល់ផែនការណ៍ចង់បានរបស់ក្លឹប លោកសង្កត់ធ្ងន់៖ “យើងបាននិយាយទៅកាន់ថ្នាក់លើ ដោយយើងមានតំណែងដែលត្រូវពង្រឹងពិតមែន នោះគឺយើងត្រូវការខ្សែប្រយុទ្ធគោលនៅខាងលើ ហើយអ្នកផ្សេងគេក៏នឹងមក បើ Griezmann មិនមក វាស៊ីសងលើក្លឹបសម្រេចថាបែបណាល្អចំពោះស្ថានភាពសេដ្ឋកិច្ចពេលនេះ”៕
ប្រភព៖ Football-Espsana