តាមរយៈការបង្ហាញខ្លួនជាផ្លូវការនៅមុខសន្និសីទសារព័ត៌មាន និងការប្រកាសនៅលេខអាវនៅក្លឹបថ្មី Real Madrid សម្រាប់ David Alaba ហាក់ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ព្រោះគេទទួលបានអាវលេខ ៤ របស់ប្រធានក្រុមចាស់ Sergio Ramos។
បុរសវ័យ ២៩ ឆ្នាំ ដែលផ្ទេរនៅលក្ខខណ្ឌឥតតម្លៃខ្លួនចេញពី Bayern Munich បាននិយាយក្រោយប្រកាសប្រើអាវលេខ ៤ ថាខ្លួនមិនចង់ឲ្យគ្រប់គ្នាប្រៀបធៀបទៅនរណានោះទេ [សំដៅទៅ Ramos] ហើយខ្លួនមកទីនេះ លេងភាពជាខ្លួនឯង។
Alaba និយាយនៅសន្និសីទសារព័ត៌មានផ្លូវការ៖ “ខ្ញុំនិយាយទៅកាន់ក្លឹបអំពីរឿងហ្នឹង ហើយពួកគេប្រគល់លេខអាវហ្នឹងមកឲ្យខ្ញុំ និយាយទៅក៏គ្មានជម្រើសផ្សេងទៀតដែរ ដោយខ្ញុំក៏ដឹងថាលេខអាវមួយនេះមានអត្ថន័យធំធេងបែបណាចំពោះក្លឹប អ៊ីចឹងវាក៏ចូលរួមចំណែកបំផុសទឹកចិត្តខ្ញុំដែរ”។
លោកបន្ត៖ “ខ្ញុំនឹងលះបង់គ្រប់យ៉ាងទៅកាន់លេខអាវមួយនេះ តែសូមថាខ្ញុំមិនមកទីនេះដើម្បីប្រៀបធៀបខ្លួនឯងទៅកាន់អ្នកដទៃឡើយ ខ្ញុំជា David Alaba ហើយក៏នៅតែជា David Alaba ពោលគឺលេងភាពជាខ្លួនឯងរហូតទៅ”៕
ប្រភព៖ AF