ក្រុមជម្រើសជាតិប្រេស៊ីល ត្រៀមនឹងជួបក្រុមអាល្លឺម៉ង់នៅព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅ នាពេលខាងមុខនេះ ហើយកន្លងមកយើងក៏បានបញ្ជាក់រួចហើយដែរពីរូបមន្តនៃការប្រកួត និងច្បាប់មួយចំនួននៅព្រឹត្តិការណ៍សារនេះ។
ចំណុចសំខាន់គឺ ក្រុមនីមួយៗអាចមានកីឡាករលើសអាយុ ២៣ ឆ្នាំមកចូលរួមតែ ៣ រូបប៉ុណ្ណោះ ដូច្នេះអ្នកចាត់ការប្រាកដជាគិតគូរខ្លាំងណាស់ ក្នុងការកោះហៅកីឡាករណាម្នាក់។ ជាក់ស្តែងដូចជាប្រេស៊ីល ដែលមានអ្នកចាត់ការលោក Andre Jardine បានពន្យល់ថា ហេតុផលដែលហៅ Dani Alves មានវ័យ ៣៨ ឆ្នាំឲ្យមកជួយសារនេះ ក៏ដោយសារគិតថា គេមិនធ្លាប់បានលេងអូឡាំពិកពីមុនមក ហើយមួយផ្សេងទៀតគេជាកីឡាករដដែលសមាជិកក្នុងក្រុមគោរពឲ្យតម្លៃខ្ពស់។
អ្នកចាត់ការ Jardine និយាយ៖ “គេជាអ្នកដឹកនាំ ជាអ្នកឈ្នះពិតប្រាកដ ហើយគេពិតជាទទួលបានការគោរពពីកីឡាករប្រេស៊ីលរាល់គ្នា គេជាគំរូល្អមួយសម្រាប់យុវជនជំនាន់ក្រោយ មួយផ្សេងទៀតគេមិនធ្លាប់បានមកលេងនៅ Olympic Games ពីមុនមកទេ ដូចនេះវាជាពេលវេលាសម្រាប់គេយ៉ាងល្អបំផុត”។
លោកបន្ត៖ “គេនឹងក្លាយជាគំរូដ៏ល្អមួយក្នុងក្រុម និងជាអ្នកដឹកនាំលើទីលាន ហើយបើយើងគិតអំពីកីឡាករដែលទទួលអារម្មណ៍រំភើបក្លាយជាម្ចាស់ជើងឯក ក៏គេជាអ្នកធ្វើបានច្រើនបំផុតដែរកន្លងមក”៕
ប្រភព៖ SoccerLaduma