ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ចង់នាំយកខ្សែបម្រើ James Maddison ពីក្លឹបកញ្រ្ជោងខៀវ Leicester City នៅរដូវក្តៅនេះ តែមិនចង់ប្រើប្រាស់លុយសុទ្ធទេ ដោយយកកីឡាករ ២ រូបដោះដូរជាថ្នូរ។
ទៅមើលបុរសវ័យ ២៤ ឆ្នាំរបស់ Leicester ក៏ទើបតែបានចុះហត្ថលេខាលើកុងត្រាថ្មីរយៈពេល ៤ ឆ្នាំកាលពីខែតុលា ឆ្នាំ ២០២០ ដូច្នេះក្លឹបមិនងាយនឹងលក់គេចេញឡើយ លុះត្រាតែអាចបានតម្លៃរាងខ្ពស់បន្តិច។
សម្រាប់ Arsenal ក្រោយពីបាត់បង់ Martin Odegaard និង Dani Ceballos ក៏ធ្វើឲ្យក្លឹបកាន់តែខ្សត់តំបន់បម្រើ ហើយជឿថា Maddison អាចមកជំនួសតំណែងរបស់ពួកគេបាន។ ក្លឹបបានដាក់ឈ្មោះកីឡាករ ២ រូបមានខ្សែប្រយុទ្ធ Reiss Nelson និង Ainsley Maitland-Niles ដើម្បីជាការដោះដូរជំនួសខ្ទង់ទឹកប្រាក់ ៥០ លានផោន សម្រាប់តម្លៃខ្លួនរបស់កីឡាករអង់គ្លេស។ នេះបើតាម Daily Mailk បានចុះផ្សាយ។
យ៉ាងណាយើងមិនច្បាស់នោះទេ ថាលោក Brendan Rodgers ព្រមព្រៀងជាមួយថ្នាក់លើ លើការទទួលយកសំណើនេះឬអត់ តែបើតាមដឹង Arsenal គឺឆ្លាតព្រោះពួកគេដាក់ឈ្មោះសុទ្ធតែកីឡាករដែលលោក Rodgers ធ្លាប់សម្លឹងចង់បានកាលពីអតីតកាល៕
ប្រភព៖ Sportsmole