រដូវកាលថ្មី ២០២១/២២ នៅក្របខ័ណ្ឌ Premier League កៀកនឹងឈានចូលមកដល់នៅរយៈពេលជិត ១ ខែទៀត តែបើតាមការជឿជាក់ពីលោក Paul Merson ក៏បានចុចឈ្មោះក្រុមចំនួន ៤ ហើយស្រេច ដែលសង្ឃឹមខ្ពស់អាចលើកពានលីគកំពូលអង់គ្លេស។
យើងរំឭកទៅរដូវកាលមុនបន្តិច គឺក្លឹប Man City នៅតែបន្តឈ្នះពានរង្វាន់ទី ៣ នៅ ៤ រដូវកាលចុងក្រោយ ដោយឈ្នះ ២៧ ប្រកួតនៅ ៣៨ ប្រកួតសរុប ដោយនាំមុខដាច់ ១២ ពិន្ទុធៀបនឹងក្រុមបិសាចក្រហម Manchester United។
យ៉ាងណាទៅរដូវកាលក្រោយលោក Merson ជឿថា គម្លាតពិន្ទុក្រុមនីមួយៗនឹងមិនអាចដាក់គ្នាដល់ ២ ខ្ទង់ (លើសពី ១០ ពិន្ទុ) រដូវកាលមុនឡើយ ហើយក្រុមទាំង ៤ នោះមាន Manchester City, Manchester United, Liverpool និង Chelsea។
បន្ថែមដល់ Chelsea អតីតកីឡាកររបស់ក្លឹប Arsenal យល់ឃើញថា ក្លឹបតោខៀវត្រូវការខ្សែប្រយុទ្ធថ្មីជាចាំបាច់ ពោលត្រូវការនរណាដែលអាចធានាការរកគ្រាប់បាល់ច្រើនជាង ២០ គ្រាប់/រដូវកាល ដោយអាចជា Erling Haaland ដែលជាគោលដៅគេកំពុងតាមប្រមាញ់៕
ប្រភព៖ Metro