លោក Jurgen Klopp អ្នកចាត់ការក្រុម Liverpool បាននិយាយថាការប្រកួតមិត្តភាពត្រៀមបើករដូវកាលនេះ បើទោះជាលទ្ធផលមិនសូវល្អ ក៏លោកមិនមានបញ្ហាអ្វីដែរ។
ក្រុមហង្សក្រហម បានចាប់ផ្ដើមរដូវកាលដោយប្រកួតមិត្តភាពជាមួយក្រុម Wacker Innsbruck និង Stuttgart នៅប្រទេសអូរទ្រីស ហើយលទ្ធផលវិញគឺស្មើទាំងពីរប្រកួតតែម្ដង។ លទ្ធផលស្មើនេះដែរ ត្រូវបានលោក Klopp យល់ឃើញថាមិនអាក្រក់ពេកនោះទេ ព្រោះក្រុមរបស់លោកមានកីឡាករថ្មីៗច្រើន ដែលត្រូវការពេលវេលាពង្រឹងសមត្ថភាពបន្ថែមទៀត។
ក្នុងការហ្វឹកហាត់នេះដែរ Virgil van Dijk និង Joe Gomez ក៏មានវត្តមានផងដែរ។ ពួកគេហ្វឹកហាត់ដោយឯងសិន ហើយក៏រំពឹងថានឹងអាចជាសះស្បើយទាន់ពេលវេលាល្មមសម្រាប់បើករដូវកាលថ្មីដែរ។ ខ្សែការពារទាំងពីរខាងលើនេះ អវត្តមានពេញ១រដូវកាលមុនតែម្ដង ដោយសារតែបញ្ហាវះកាត់ជង្គង់របស់គេ៕ប្រភព Dailymail