ការចរចានាំយក Erling Haaland មកទឹកដីអង់គ្លេសហាក់មិនដំណើរការទៅមុខរលូនសោះ មិនថាតែក្លឹប Manchester City ឬ Chelsea ឡើយ សុទ្ធសឹងតែមានរបាយការណ៍ថា បរាជ័យក្នុងការតថ្លៃជាមួយក្លឹប Dortmund។
យ៉ាងណាសម្រាប់តោខៀវ Chelsea មានដំណឹងថា បើការចរចាចុងក្រោយនេះបរាជ័យទៀត នោះពួកគេនឹងបង្វែរទៅគោលដៅថ្មីហើយ ដោយសារនេះដូចជា Mna City ដែរ នោះគឺការចរចាយក Robert Lewandowski ពីក្លឹប Bayern Munich។
សម្រាប់កីឡាករប៉ូឡូញដ្បិតត្រៀមឈានចូលវ័យ ៣៣ ឆ្នាំនៅខែក្រោយហើយក៏ដោយ តែគុណភាព របស់គេនៅតែធានាបានសម្រាប់ការរកគ្រាប់បាល់ ខណៈរដូវកាលមុន ខ្សែប្រយុទ្ធ Lewandowski រកបានដល់ ៤៨ គ្រាប់និង Assist ៩ លើកឲ្យក្លឹបត្រឹមការបង្ហាញខ្លួន ៤០ ប្រកួត។
តាមសារព័ត៌មាន TheSun បានចុះផ្សាយ លោក Thomas Tuchel ហាក់ចាប់អារម្មណ៍សមត្ថភាពខ្សែប្រយុទ្ធរូបនេះជាខ្លាំង ហើយមានដំណឹងថាស្នើទៅក្លឹបឲ្យដាក់សំណើ ៥០ លានផោនដើម្បីយកគេមកទឹកដី Stamford Bridge។ ដូច្នេះអាចរាប់បាននេះជាការប្រជែងថ្មីមួយទៀតហើយ រវាងភាគីក្លឹប Chelsea និង Man City លើការចង់បានកីឡាករតែមួយ៕
ប្រភព៖ Metro