បើនិយាយពីកម្រិត FIFA Ranking នៃក្រុមជម្រើសជាតិបាល់ទាត់ប្រចាំតំបន់អាស៊ាន នោះគឺវៀតណាម ថៃ និងហ្វីលីពីន ដែលមានចំណាត់ថ្នាក់ល្អជាងគេ។
តាមបណ្ដាប្រទេសជាសមាជិកទាំងអស់ សុទ្ធសឹងតែមានកីឡដ្ឋានជាតិរៀងៗខ្លួន ហើយប្រទេសខ្លះក៏ធ្លាប់ឆ្លងកាត់ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ធំៗមួយចំនួនហើយដែរ។ យ៉ាងណាបង្វែរទៅជ្រុងមួយពាក់ព័ន្ធ នឹងចំណុះផ្ទុកអ្នកទស្សនានៃកីឡដ្ឋានប្រចាំតំបន់អាស៊ាន គឺកម្ពុជាយើងមានប្រៀបជាងថៃ និងវៀតណាម ហើយនៅចាញ់តែប្រទេស ២ គត់។
បើតាមរបាយការណ៍ពី ASEAN FOOTBALL យើងធ្វើការបង្ហាញនៅពហុកីឡដ្ឋានជាតិទាំង ១០ ប្រចាំតំបន់អាស៊ាន ដែលអាចផ្ទុកអ្នកទស្សនាបានច្រើនបំផុត៖
១០) Philippine Sports Stadium
ពហុកីឡដ្ឋានជាតិរបស់ហ្វីលីពីន បានបើកដំណើរការនៅឆ្នាំ ២០១៤ លើទំហំផ្ទៃដី ១៤០ ហិតា។ វាអាចផ្ទុកអ្នកទស្សនាបាន ២០ ០០០ នាក់។
៩) New Laos National Stadium
ពហុកីឡដ្ឋានជាតិរបស់ប្រទេសឡាវ ដែលស្ថិតក្នុងទីក្រុងវៀងចន្ទន៍ អាចផ្ទុកអ្នកទស្សនាបាន ២៥ ០០០ នាក់ ហើយធ្លាប់បានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍កាលពីឆ្នាំ ២០០៩។
៨) Hassanal Bolkiah National Stadium
រាប់បានជាកីឡដ្ឋានដែលមានអាយុកាលចំណាស់ជាងគេបង្អស់មួយ ដោយវាចាប់ផ្ដើមបើកដំណើរការតាំងពីឆ្នាំ ១៩៨៣ ពោលគិតមកទល់ពេលនេះ ជាង ៣៧ ឆ្នាំមកហើយ។ កីឡដ្ឋានរបស់ប្រទេសប្រ៊ុយណេ អាចផ្ទុកអ្នកទស្សនាបាន ២៨ ០០០ នាក់។
៧) Thuwunna Stadium
មានទីតាំងស្ថិតក្នុងទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា ដែលអាចផ្ទុកអ្នកទស្សនាបាន ៣២ ០០០ នាក់។ កាលពីឆ្នាំ ២០១៣ កីឡដ្ឋាននេះ ក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
៦) My Dinh National Stadium
ពហុកីឡដ្ឋានជាតិរបស់ប្រទេសវៀតណាម អាចផ្ទុកអ្នកទស្សនាចំនួន ៤០ ០០០ នាក់ ហើយទើបតែបើកការជួសជុលឡើងវិញនៅឆ្នាំ ២០១៦។ និយាយពីការរៀបចំព្រឹត្តិការណ៍ខ្នាតធំ កីឡដ្ឋានមានទីតាំងក្នុងទីក្រុងហាណូយ ក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះនៅព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍កាលពីឆ្នាំ ២០០៣។
៥) Rajamangala National Stadium
ពហុកីឡដ្ឋានជាតិរបស់ប្រទេសថៃ អាចផ្ទុកអ្នកទស្សនាបានដល់ ៥១ ០០០ នាក់ ហើយកំណត់ត្រាតួលេខខ្ពស់បង្អស់ធ្លាប់កើតមាន គឺនៅជំនួបនៃការប្រកួតបាល់ទាត់រវាងប្រទេសថៃ និងតៃវ៉ាន់ កាលពីឆ្នាំ ២០១៥ ទទួលបានអ្នកទស្សនាសរុប ៤៩ ៧២២ នាក់។
៤) Singapore National Stadium
បញ្ចប់ការសាងសង់នៅឆ្នាំ ២០១៤ ជាមួយទំហំទឹកប្រាក់ជិត ១,៤ ពាន់លានដុល្លារ។ កីឡដ្ឋានរបស់ប្រទេសសិង្ហបុរីអាចផ្ទុកអ្នកទស្សនាបានដល់ ៥៥ ០០០ នាក់ ហើយរឿងដ៏អស្ចារ្យមួយនោះ ពួកគេក៏ធ្លាប់រៀបចំការប្រកួតនៅជំនួបមិត្តភាពរវាងក្លឹប Man Utd និង Inter Milan ដែលកាលនោះមានមនុស្សជាច្រើនបុកមកទស្សនា ដោយមាន ៥២ ៨៩៧ នាក់ ជាតួលេខខ្ពស់បង្អស់មិនធ្លាប់មាន។
៣) Morodok Techo National Stadium
ពហុកីឡាដ្ឋានជាតិមរតកតេជោ របស់កម្ពុជា ដែលត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០២៣ គឺអាចផ្ទុកអ្នកទស្សនាសរុប ៧៥ ០០០ នាក់។ ពហុកីឡាដ្ឋានដែលជាជំនួយឥតសំណងរបស់ប្រទេសចិន បានចំណាយពេល ៤ ឆ្នាំក្នុងការសាងសង់ ហើយទើបតែបញ្ចប់ការសាងសង់កាលពីខែឧសភា ឆ្នាំ ២០២១ លើទំហំប្រាក់ទឹកប្រាក់ជាង ១៦៨ លានដុល្លារ។
២) Gelora Bung Karno Main Stadium
ពហុកីឡាដ្ឋានជាតិរបស់ប្រទេសឥណ្ឌូណេស៊ី គឺមានអាយុកាលប្រហាក់ប្រហែលនឹងពហុកីឡាដ្ឋានអូឡាំពិករបស់កម្ពុជាដែរ ពោលគឺបើកដំណើរការតាំងពីឆ្នាំ ១៩៦២។ វាអាចផ្ទុកអ្នកទស្សនាបានដល់ ៧៧ ១៩៣ នាក់។
១) National Stadium Bukit Jalil
ពហុកីឡាដ្ឋានជាតិរបស់ម៉ាឡេស៊ី គឺមានចំណុះផ្ទុកធំជាងគេបង្អស់ ប្រចាំតំបន់អាស៊ាន ដោយអាចផ្ទុកអ្នកទស្សនាដល់ ៨៧ ៤១១ នាក់។ ក៏ធ្លាប់មានក្លឹបបាល់ទាត់ធំៗនៅអឺរ៉ុបដូចជា Man Utd, Liverpool, Arsenal និង Chelsea ជាដើម មកបើកការប្រកួតទេសចរណ៍មិត្តភាពនៅកីឡដ្ឋានរបស់ម៉ាឡេស៊ីមួយនេះកាលពីប៉ុន្មានឆ្នាំមុនផងដែរ៕
ប្រភព៖ ASEAN FOOTBALL