ខ្សែការពារ Giorgio Chiellini ពេលនេះបានដាច់កុងត្រាជាមួយ Juventus ទៅហើយ និងកំពុងរង់ចាំការកោះហៅដើម្បីនិយាយកុងត្រាថ្មីផងដែរ។
Chiellini វ័យ៣៦ឆ្នាំជាចំណែកសំខាន់សម្រាប់ក្រុមអ៊ីតាលីក្នុងការឈ្នះពានរង្វាន់ Euro 2020 នៅទឹកដីអង់គ្លេសកន្លងទៅនេះ។ ការឈ្នះពាននេះ នឹងក្លាយជាកម្លាំងចិត្តធំមួយសម្រាប់រូបគេដើម្បីបន្ដលេងទៀត រហូតដល់ឆ្នាំក្រោយពានរង្វាន់ FIFA World Cup 2022 នៅប្រទេសកាតាផងដែរ។ តែមុនទៅដល់នោះ ខ្សែការពារខាងលើត្រូវរកក្លឹបលេងសិន។
បើតាមភ្នាក់ងារទីផ្សាររបស់គេ Chiellini កំពុងរង់ចាំការបន្ដកុងត្រាជាមួយ Juventus ។ លោក Davide Lippi ដែលជាភ្នាក់ងារបាននិយាយថា៖ “ដំបូង ពួកគេត្រូវដាក់ការស្នើមកសិន មកដល់ពេលនេះមិនទាន់មាននោះទេ។ យើងកំពុងរង់ចាំការហៅពី Juventus ហើយបន្ទាប់មកយើងនឹងអង្គុយពិភាក្សាគ្នា”៕ប្រភព៖ MARCA