Callum Hudson-Odoi ដែលគ្មានឈ្មោះលេងឲ្យជម្រើសជាតិអង់គ្លេសនៅ Euro 2020 កន្លងទៅនេះ ទីបំផុតមានដំណឹងថាសម្រេចចិត្ត ចង់ផ្ទេរទៅជម្រើសជាតិហ្គាណាវិញហើយ ដែលជាប្រទេសជាប់ខ្សែស្រឡាយឪពុកម្ដាយរបស់ខ្លួន។
Odoi គេទើបតែឆ្លៀតពេលទៅលេងនៅប្រទេស ស្ថិតក្នុងប៉ែកអាហ្វ្រិកខាងជើង ហើយបានជួបជាមួយប្រធានាធិបតីលោក Nana Akufo-Addo ថែមទៀតផង ហើយបានពិភាក្សាអំពីការចង់ពង្រឹងមូលដ្ឋានគ្រឹះនៃបាល់ទាត់ និងចង់ផ្តល់ឱកាសឲ្យយុវជនក្រោយៗនៃប្រទេសរបស់ខ្លួន។
ប្រភពពីគេហទំព័រក្រៅស្រុកបានឲ្យដឹងថា ប្រធានាធិបតីលោក Akufo-Addo ក៏បាននិយាយទៅរដ្ឋមន្រ្តីផ្នែកកីឡាឲ្យបញ្ចុះបញ្ចូលកីឡាករវ័យ ២០ ឆ្នាំ មកឲ្យលេងឲ្យជម្រើសជាតិហ្គាណានាពេលខាងមុខផងដែរ។
តាមសារព័ត៌មាន Ghana Sports Online ចុះផ្សាយថា Hudson-Odoi គេបានសម្រេចចិត្តនឹងប្តូរជម្រើសជាតិពីអង់គ្លេសទៅលេងឲ្យហ្គាណាហើយ ណាមួយដោយសារកត្តាអាយុនិងគោលការណ៍នៃការផ្ទេររបស់គេនៅអាចអនុវត្តបាន។ នោះគឺ Odoi នៅស្ថិតក្រោមអាយុ ២៣ ឆ្នាំ ហើយចំនួនបង្ហាញខ្លួនឲ្យជម្រើសជាតិអង់គ្លេសទើបតែបាន ៣ ប្រកួតប៉ុណ្ណោះ៕
ប្រភព៖ SportBible