លោក Jurgen Klopp អ្នកចាត់ការក្រុម Liverpool បានលើកឡើងថាក្រុមទាំងមូលត្រៀមខ្លួន ទាំងចិត្ត ទាំងកាយ រួចជាស្រេច ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រប៉ះជាមួយក្រុម Real Madrid ។
ក្រោយពីយកឈ្នះលើ Roma បានឡើងទៅវគ្គផ្ដាច់ព័ត្រ ក្រុម Liverpool មានទំនុកចិត្តថាពួកគេអាចនឹងផ្ដល់មេរៀនបរាជ័យទៅឱ្យក្រុម Real Madrid បាន។ មួយវិញទៀត ការឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ក៏ជាការផ្ដល់កម្លាំងចិត្តរឹតតែខ្លាំងសម្រាប់ហង្សក្រហម ប្រជែងយកពានផងដែរ។
“យើងបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ League Cup ប៉ុន្តែយើងមិនអាចឈ្នះវា។ ម្ដងនេះយើងបានដល់វគ្គផ្ដាច់ព្រ័ត្រទៀត។ យើងតាមត្រៀមខ្លួនរួចហើយ សម្រាប់ទទួល Real Madrid ។ ខ្ញុំដឹងថាកីឡាករ៨០%របស់ Real សុទ្ធតែមានបទពិសោធនៅវគ្គផ្ដាច់ព្រ័ត្រ។ ពួកគេឡើងដល់ផ្ដាច់ព្រ័ត្រ៤ដង ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ តែខាងយើងមិនធ្លាប់នោះទេ ប៉ុន្តែយើងពិតជាត្រៀមខ្លួនរួចមែន”។ សម្ដីផ្ទាល់របស់លោក Klopp ក្រោយចប់ការប្រកួតជាមួយ Roma ។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាង Liverpool និង Real គឺធ្វើនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅកីឡដ្ឋាន NSC Olimpiyskiy ស្ថិតក្នុងប្រទេសអ៊ុយក្រែន៕