ក្លឹប Real Madrid បានប្រកាសពីការខាតប្រាក់៣០០លានអឺរ៉ូឯណោះ កាលពីរដូវកាលមុន ដោយសារតែវិបត្តិកូវីដ១៩។
កាលពីរដូវកាលមុននេះ ក្រុម Real Madrid បាត់ចំណូលធំទៅលើការលក់សំបុត្រ ព្រោះមិនអាចបើកឱ្យអ្នកគាំទ្រចូលទស្សនាបាននោះទេ។ ខណៈដែលកីឡដ្ឋានធំ Bernabeu ក៏កំពុងសាងសង់ផងដែរ។ ក្លឹបនេះធូរចំណាយច្រើនដែរ ដោយសារមិនបាននាំចូលកីឡាករថ្មី ប៉ុន្តែទំហំនៃការខាតបង់នៅតែច្រើនដដែល។ នេះបើតាមលោក Perez ប្រធានក្លឹប Real Madrid បញ្ជាក់។
នៅពេញ១រដូវកាលកន្លងទៅនោះ ក្លឹប Real Madrid បាត់ចំណូលរហូតដល់៣០០លានអឺរ៉ូ។ ដោយការខាតបង់នេះ ទំនងជានឹងជះឥទ្ធិពលដល់រដូវកាលថ្មីខាងមុខទៀត ទៅលើការចំណាយ។ ក្លឹបនឹងមិនអាចចាយវាយឬទិញកីឡាករថ្លៃៗបាននោះទេ។ ខណៈដែលវិធានការកាត់ប្រាក់ឈ្នូលកីឡាករខ្លះ ក៏នឹងបន្ដផងដែរ៕ប្រភព Marca