ដ្បិតបើ Lionel Messi ទើបតែជួយជម្រើសជាតិអាហ្សង់ទីនឈ្នះពានរង្វាន់ Copa America 2021 ដែលជាពានលើកដំបូង ក្រោយអាហ្សង់ទីនខកខានឈ្នះជាង ២ ទសវត្សចុងក្រោយ ក៏អតីតជើងចាស់លោក Mario Kempes នៅតែហ៊ាននិយាយថា Diego Maradona ទើបល្អជាង ហើយគ្មានថ្ងៃដែល Messi អាចនាំមុខបានឡើយ។
តាមពិតទៅការប្រៀបធៀបរវាង Legend ទាំងពីរ បានក្លាយជារឿងដែលគេលើកមកជជែកជាបន្តបន្ទាប់នៅរយៈពេលចុងក្រោយ ហើយយ៉ាងណាក៏មានមតិខ្លះ ថា Messi ល្អជាង ហើយខ្លះថា Maradona ល្អជាង និងខ្លះទៅថាអ្នកទាំងពីរគឺប្រហែលគ្នា។
ក្រឡេកមកការយល់ឃើញរបស់លោក Kempes អតីតកីឡាករធ្លាប់ឈ្នះ World Cup ឆ្នាំ ១៩៧៨ បាននិយាយប្រាប់ ESPN Mexicoថា៖ “សម្រាប់ Messi គាត់គ្មានសំណាងត្រង់ថា គាត់មិនអាចជំនួស Diego Maradona ហើយបើចង់ល្អជាង Maradona គឺមិនអាចធ្វើបានទេ បើទោះបីជាឈ្នះ World Cup ៤ ជំនាន់ជាប់គ្នាក៏ដោយ”។
លោកបន្ត៖ “ពេលនេះ Messi គេមិនទាន់ឈ្នះ World Cup ហើយនិយាយទៅមិនថាគេឈ្នះពានប៉ុន្មានឡើយ តែគេនៅតែមិនអាចប្រៀបធៀបទៅនឹងអ្វីដែល Diego ធ្លាប់បង្ហាញចេញមកកាលពីអតីតកាល”៕
ប្រភព៖ Marca