ក្លឹប AS Roma ដែលស្ថិតក្រោមការដឹកនាំដោយអ្នកចាត់ការថ្មីលោក Jose Mourinho ប៉ុន្មានថ្ងៃមុនលឺដំណឹងថាចង់បានខ្សែការពារ Kurt Zouma ទៅពង្រឹងប្រព័ន្ធលេងត្រៀមសម្រាប់រដូវកាលថ្មី ២០២១/២២ ហើយពេលនេះខាងភាគីក្លឹបអាណាព្យាបាល Chelsea គេព្រមដាក់តម្លៃមកហើយ។
Mourinho ធ្លាប់ជាអ្នកត្រួសត្រាយយក Zouma មកលេងនៅឈុតធំ ក្នុងទឹកដី Stammford Bridge ហើយជឿថាសមត្ថភាពរបស់គេនៅតែមាន ដ្បិតបើរដូវកាលចុងក្រោយមិនសូវបានជាប់ជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Thomas Tuchel ក៏ដោយ។
តាមរបាយការណ៍ពី RMC ចុះផ្សាយថា ក្លឹបតោខៀវ Chelsea នឹងព្រមអនុញ្ញាតឲ្យ Zouma ចាកចេញទៅបាន ប្រសិនណាក្លឹបដែលចង់បានហ៊ានផ្តល់ឲ្យតម្លៃខ្លួន ២៥,៦ លានផោន។ ជាធម្មតាតម្លៃប៉ុណ្ណេះរាងខ្ពស់បន្តិចហើយ សម្រាប់ក្លឹបដូចជា Roma តែវាស៊ីសងលើការរំអុករបស់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ខាងលើ ណាមួយលឺថាចង់លក់ចេញកីឡាករ ៨ រូបក្នុងក្លឹបទៀតផង ដើម្បីប្រមូលលុយយកអ្នកថ្មី។
បញ្ជាក់ថា ផែនការណ៍អាទិភាពរបស់ Roma នៅរដូវកាលក្រោយ គឺធ្វើបែបណាជួយឲ្យក្លឹបមានឱកាសវិលទៅលេងនៅ UCL សារជាថ្មី ក្រោយពីរដូវកាលមុនបានខកខាន ហើយឈរនៅលេខរៀងទី ៧ ឯណោះ ដែលអស់ទាំងឱកាសលេងនៅ UEL ថែមទៀត៕
ប្រភព៖ Metro