ក្រោយចប់ការប្រកួត Euro 2020 តាមការព្យាករណ៍របស់អ្នកជំនាញគេជឿថា នឹងដល់ពេលវេលាដែលកីឡាករត្រូវគិតគូរអំពីអនាគតរបស់ពួកគេហើយ ថាគួរបន្តនៅជាមួយក្លឹបអាណាព្យាបាលបច្ចុប្បន្ន ឬចាកចេញផ្លាស់ទៅទ្រនំថ្មី។ ចម្លើយនៃការសម្រេចចិត្តរបស់ពួកគេ នឹងត្រូវបង្ហាញចេញមកមុនថ្ងៃទី ៣១ សីហា ពោលគឺមុនឈានចូលរដូវកាលថ្មី ២០២១/២២។
ឆ្លងផុតជាង ២ សប្តាហ៍នៃទីផ្សារដោះដូររដូវក្តៅ យើងបានឃើញជាបណ្តើរៗហើយអំពីការផ្ទេរទៅចូលរួមនៅក្លឹបថ្មី តួយ៉ាងដូចជា Achraf Hakimi ផ្ទេរទៅ PSG, David Alaba ផ្ទេរទៅ Real Madrid និង Memphis Depay ផ្ទេរទៅ Barcelona ជាដើម។ យ៉ាងណាគេជឿថា នៅកំឡុងពេលខាងមុខភាគរយនៃការផ្ទេរចេញរបស់កីឡាករកំពូល ៥ រូបឯទៀតក៏នឹងនៅតែអាចកើតឡើង ក្នុងនោះមានដូចជា៖
៥) Antoine Griezmann
ដោយសារវិបត្តិហិរញ្ញវត្ថុនៅក្លឹប Barcelona មិនទាន់អាចដោះស្រាយបាន ដូច្នេះហើយការលក់ចេញកីឡាករបារាំង អាចជាអ្វីដែលក្លឹបនឹងសម្រេចចិត្តធ្វើនៅពេលដ៏ខ្លីខាងមុខ។ មួយផ្សេងទៀត អ្នកមានបុណ្យក៏ប្រញាប់យកលុយទៅប៉ះប៉ូវលើការចរចាកុងត្រាថ្មីរបស់ Messi ដូច្នេះហើយបើជោគជ័យលើការលក់ Griezmann ក៏ទំនងជាប្រមូលបានក្បែរ ៦០ លានអឺរ៉ូ។
តាមរបាយការណ៍ចុងក្រោយពី Footmercato ចុះផ្សាយថា Griezmann អាចជាស្ថិតក្នុងផែនការណ៍ B របស់ក្លឹប Man City ពោលប្រសិនណាពួកគេចរចាយក Harry Kane ចេញពី Spurs មិនបានសម្រេច។
៤) Paul Pogba
បើទោះបីជាគុណភាពរបស់ Pogba នៅតែមាន ប៉ុន្តែសុពលភាពកុងត្រានៅ Man Utd គឺកៀកនឹងឈានចូលមកដល់ឆ្នាំចុងក្រោយហើយ។ ដូច្នេះក្លឹបបិសាចក្រហមត្រូវប្រាកដថានឹងអាចទាញប្រយោជន៍បានខ្លះ ពីការផ្ទេរចេញ Pogba ជាជាងទុកគេចោលដល់អស់តម្លៃខ្លួននៅចុងខែមិថុនា ឆ្នាំ ២០២២។
មានរបាយការណ៍ចុះផ្សាយថា United កំពុងចរចាជាមួយ Juventus លើការផ្ទេរចេញ Pogba តែជាមួយគ្នានេះខាងក្លឹបបារាំង PSG ក៏សម្លឹងឃើញសមត្ថភាពរបស់កីឡាករវ័យ ២៨ ឆ្នាំផងដែរ។ បញ្ជាក់ថាខ្សែបម្រើឆ្នើម Pogba ចាយពេល ២០៦ ប្រកួត នៅ Old Trafford រកបាន ៣៨ គ្រាប់និង Assist ៤២ លើក។
៣) Erling Haaland
តាមពិតទៅ Dortmund ហាក់មិនចង់បាត់បង់ Haaland ម្នាក់ទៀតឡើយ ក្រោយពីទើបតែរបូត Jadon Sancho ឲ្យទៅ Man Utd។ យ៉ាងណាវាស៊ីសងលើការចរចា បើតម្លៃខាងភាគីក្លឹបចង់បាន គេហ៊ានឲ្យខ្ពស់កប់ពពកហើយ ដូច្នេះបើក្លឹបអាណាព្យាបាលហាមាត់បដិសេធ ក៏វាពិបាក។
មានរបាយការណ៍មកថា សេដ្ឋីរុស្ស៊ីលោក Roman Abramovich ដែលជាប្រធានក្លឹប Chelsea ហាក់មិនបោះបង់ឆន្ទៈចង់បានកីឡាករន័រវែសទាល់តែសោះ ដោយលឺថាទោះត្រូវចំណាយ ១៥០ លានផោន ក៏ខ្លួនព្រម ហើយស៊ូលក់ចេញកីឡាករ ៣ រូបពីក្លឹបមានដូចជា Hakim Ziyech, Callum Hudsoin-Odoi និង Tammy Abraham។
២) Harry Kane
Kane ហាក់អស់ការអត់ធ្មត់នឹងបន្តនៅ Spurs តទៅទៀតហើយ ព្រោះអាយុលោកក៏កាន់តែជ្រេ ណាមួយគុណភាពលេង កំពុងឡើងកូដផង អ៊ីចឹងការជ្រើសរើសផ្លូវបែកគឺជារឿងដែលគួរតែធ្វើ។
គោលដៅរបស់កីឡាករអង់គ្លេស គឺចង់ស្គាល់រសជាតិឈ្នះពានរង្វាន់ ដូច្នេះហើយគេជឿថា ការផ្ទេរទៅ Manchester City នៅរដូវក្តៅនេះ មានភាគរយខ្ពស់អាចនឹងកើតឡើង ហើយតាមចចាមអារ៉ាមខាង City ហ៊ានឲ្យ ១០០ លានផោន តែខាង Spurs ទារដល់ ១៧៥ លានផោន។ យើងនឹងរង់ចាំមើល ព្រោះការចរចា កំពុងបន្តដំណើរការ ហើយថេរវេលាបើកទីផ្សារដោះដូរក៏សល់ជាងមួយខែទៀតឯណោះ។
១) Cristiano Ronaldo
អនាគតរបស់ Ronaldo ប្រហាក់ប្រហែលនឹង Pogba ដែរ ព្រោះស្ថិតនៅមាត់ជ្រោះផ្លូវបែក ដែលសុពលភាពកុងត្រាត្រូវផុតនៅឆ្នាំក្រោយ ២០២២ ដូចគ្នា។
ដោយសាររដូវកាលមុន Juventus ធ្វើមិនបានល្អ បែបនេះពិតជាពិបាកនឹងអូសទាញចិត្តឲ្យ Ronaldo បន្តនៅខ្លាំងណាស់ ហើយលោកមានជម្រើស ២ ក្នុងដៃ ១) គឺផ្ទេរទៅ PSG ២) គឺត្រលប់ទៅក្លឹបម្ចាស់ដី Old Trafford។ ប្រសិនផ្ទេរទៅ United នោះក៏មានភាគរយច្រើនដែល Juventus ស្នើសុំយក Pogba ត្រលប់មកវិញ ជាការដោះដូរ ប៉ុន្តែតម្លៃអ្នកទាំងពីរតាមដឹងគឺអាចខុសគ្នា ១ ទ្វេជា ៣៕
ប្រភព៖ Sportskeeda