ជើងឯកគុនចម្រុះពិភពលោក Thanh Le ទំនងត្រូវធ្វើការធ្ងន់ជាលើកដំបូងក្នុងការការពារខ្សែក្រវាត់ ONE Featherweight ជាមួយជើងខ្លាំង Garry Tonon នាពេលដ៏ខ្លីខាងមុខ បន្ទាប់ពីរូបគេដណ្តើមបានខ្សែក្រវាត់នេះកាលពីខែតុលា ឆ្នាំ២០២០។
ប្រធាន និងនាយកប្រតិបត្តិ ONE លោក Chatri Sityodtong បានលើកឡើងថា ការប្រកួតរបស់គាត់គួរត្រូវបានរៀបចំឡើងនាពេលប៉ុន្មានខែខាងមុខ។ដូច្នេះហើយទើបបានជាអធិរាជសង្វៀនដែលជាសាមីខ្លួនបានលើកឡើងថា Tonon មានបទពិសោធច្រើនណាស់ ដូច្នេះអាចជាដៃគូសមរម្យសម្រាប់ខ្លួនការពារខ្សែក្រវាត់។
កីឡាករ Le និយាយថា ៖«ច្បាស់ណាស់ Garry ជាអ្នកជំនាញក្រោមដ៏គ្រោះថ្នាក់កំពូលម្នាក់។ ដូច្នេះការជួបជាមួយខ្ញុំនឹងជាជំនួបគួរឲ្យចាប់អារម្មណ៍។ យើងអាចនិយាយបានថា អ្នកជំនាញក្រោមប៉ះអ្នកខ្លាំងវ៉ៃឈរ»។សូមបញ្ជាក់ថា Tonon មិនទាន់ស្គាល់បរាជ័យម្តងឡើយក្នុងការប្រកួតគុនចម្រុះ៦ដងគឺឈ្នះទាំងអស់។ ជំនាញកម្រិតពិភពលោករបស់គាត់គឺជឺជីតស៊ូ និងឃ្លេដ៏គ្រោះថ្នាក់។
ម្ចាស់ខ្សែក្រវាត់ Le យល់ថា គាត់ត្រូវតែត្រៀមខ្លួនគ្រប់ក្បាច់ទាំងអស់ ជាពិសេសក្បាច់ក្រោមដើម្បីទប់ទល់។«Garry ទាត់គ្រោះថ្នាក់ណាស់។ គាត់ក៏ពូកែវ៉ៃឈរដែរ។ យើងធ្លាប់ឃើញហើយគែមានទំនុកចិត្តនៅពេលគាត់មានចលនាក្បាលរុលចូល និងចូលកៀកដៃ»។ កីឡាករវៀតណាម–អាមេរិកបានបញ្ជាក់។
«ខ្ញុំមិនគិតទេថាតើគាត់អាចឈរប្តូរជាមួយខ្ញុំបាន១០វិនាទីអត់។ គាត់បោះហ៊ានរុលទៅអត់ប្រយ័ត្ន ដឹងថា ដេកដោយកណ្តាប់ដៃខ្ញុំ។ ខ្ញុំមិនគិតថា ខ្ញុំអាចលេងក្បាច់ក្រោមជាមួយគាត់បាន១០វិនាទីទេ បើខ្ញុំហ៊ាន ខ្ញុំច្បាស់ជាត្រូវគាត់ឃ្លេ ឬរឹតឲ្យចុះចាញ់»។
ទោះបីជាយ៉ាងណា ម្ចាស់ខ្សែក្រវាត់រូបនេះធានាថា ការប្រកួតនឹងជក់ចិត្ត ហើយអ្នកគាំទ្រនឹងពេញចិត្ត។កីឡាករនិយាយថា ៖«វាជាការប្រកួតគួរឲ្យទាក់ទាញ ពីព្រោះយើងទាំងពីរមានជំនាញច្បាស់រៀងខ្លួន។ យើងលេចធ្លោ និងទុកចិត្តលើសមត្ថភាពខ្លួនឯងដែលនឹងគ្រោះថ្នាក់ដល់នរណាម្នាក់ភ្លាម បើប្រហែស»។
«ដូច្នេះអ្វីដែលតែងតែជក់ចិត្ត និងអ្វីដែលសំណាងសម្រាប់អ្នកពូកែវ៉ៃឈរគឺយើងត្រូវតែចាប់ផ្តើមពីជំហាន»។
Lee បញ្ជាក់ថា ៖«ខ្ញុំគិតថា វាងនឹងក្លាយជាជំនួបធំ គ្រប់ក្បាច់ គ្រប់ជំនាញ។ ទាំងនេះហើយជាឈុតឆាកគួរឲ្យចាប់អារម្មណ៍ ជក់ចិត្ត ល្អមើល និងជំរុញលើកទឹកចិត្តដែលកើតចេញពីអ្នកជំនាញមួយផ្នែកប៉ះអ្នកជំនាញមួយផ្នែក»។Thanh Le ជាជើងខ្លាំងម្នាក់ដែលដៃគូពិបាកស្មានពីរបៀបវ៉ៃណាស់ ពីព្រោះរូបគេប្រកួតគុនចម្រុះមែន ប៉ុន្តែជំហានរបស់គាត់ផ្លាស់ទីចុះឡើងៗលឿនណាស់ ហើយអាវុធពិឃាតគឺកណ្តាប់ដៃ និងទាត់ដ៏គ្រោះថ្នាក់៕