អូឡាំពិកកម្ពុជាព្រមានព្យួរសមាជិកភាពសហព័ន្ធប្រដាល់គុនខ្មែរមិនឱ្យប្រកួតអន្តរជាតិ និងស៊ីហ្គេមនានា បើនៅតែបង្កកំហុសដដែលៗ

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចេញសេចក្តីប្រកាសព័ត៌មានមួយ កាលពីយប់ថ្ងៃ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១ ដោយប្រកាសព្រមានព្យួរសមាជិកភាពសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មិនអនុញ្ញាតឱ្យចូលរួមប្រកួតអន្តរជាតិជាផ្លូវការ និងការប្រកួតស៊ីហ្គេម ព្រមទាំងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ផងដែរ ប្រសិនបើសហព័ន្ធមួយនេះនៅតែបង្កកំហុសមិនគោរពគោលការណ៍លេងដោយយុត្តិធម៌។

សេចក្តីប្រកាសព័ត៌មាននេះត្រូវបានធ្វើឡើង ក្រោយសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា និងមហាជនមួយចំនួនបានប្រតិកម្មចំពោះការរៀបចំការប្រកួត ក្នុងការវិនិច្ឆ័យការប្រកួតកីឡាប្រដាល់គុនខ្មែរ នាយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ វគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ និងរង្វាន់នៅសង្វៀន CBS (CNC) រវាងកីឡាករ ឃឹម បូរ៉ា និង កីឡាករ ម៉ឺន មេឃា។គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាយល់ឃើញថា ១.អាជ្ញាកណ្ដាល-ចៅក្រមជាមន្ត្រីបច្ចេកទេសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានវិនិច្ឆ័យការប្រកួតដោយមិនគោរពតាមគោលការណ៍លេងដោយយុត្តិធម៌ (Fair-Play) មិនគោរពតាមបទបញ្ជាការប្រកួត គ្មានក្រមសីលធម៌ និងស្មារតីជាមន្ត្រីយុត្តិធម៌កីឡា ធ្វើឱ្យមហាជនបាត់បង់ជំនឿចិត្តលើប្រព័ន្ធគ្រប់គ្រងកីឡា និងប៉ះពាល់ដល់គុណតម្លៃនៃកីឡាអត្តសញ្ញាណជាតិរបស់កម្ពុជា។

២.កន្លងមកការប្រកួតលើសង្វៀនឯកជន ការវិនិច្ឆ័យលទ្ធផលការប្រកួតតែងតែមានបញ្ហាអយុត្តិធម៌ជាញឹកញាប់របស់សហព័ន្ធកីឡាគុនខ្មែរ ហើយនៅតែមិនអាចកែសម្រួល ឬកែទម្រង់បាន ដែលធ្វើឱ្យមហាជន និងថ្នាក់ដឹកនាំមានប្រតិកម្ម ជាញឹកញាប់ជាច្រើនលើកច្រើនសារ។ ៣.បើទោះបីការប្រកួតស្ថិតក្នុងក្របខ័ណ្ឌអាជីវកម្ម មិនស្ថិតក្រោមការគ្រប់គ្រងរបស់ចលនាអូឡាំពិក ហើយការប្រកួតជាការដណ្ដើមលាភសក្ការៈជាលុយ ផ្ទុយនឹងស្មារតី និងធម្មនុញ្ញអូឡាំពិក ប៉ុន្តែសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជាសមាជិកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្ថិតក្រោមឆ័ត្រនៃលក្ខន្តិកៈរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសដាក់ការព្រមានលើកដំបូងដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែ រឱ្យធ្វើការកែទម្រង់ និងដាក់ចេញនូវបទប្បញ្ញត្តិ ដោយដាក់ពិន័យយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាកណ្ដាល-ចៅក្រមឱ្យ គោរពស្មារតីកីឡា គោរពបទបញ្ជាការប្រកួត គោរពគោលការណ៍ Fair-Play និងគោរពក្រមសីលធម៌កីឡា ដោយមិនអាចរំលោភបាន។ ប្រសិនបើមានបញ្ហាដដែលកើតឡើងទៀត គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងប្រើសិទ្ធិដាក់ព្យួរសមាជិកភាព ដែលជាផលវិបាករបស់សហព័ន្ធ មិនអាចចូលរួមប្រកួតជាអន្តរជាតិ និងរៀបចំការប្រកួតជាអន្តរជាតិផ្លូវការបាន ហើយក៏មិនអាចចូលរួមប្រកួតកីឡា SEA Games រួមទាំង SEA Games នៅកម្ពុជាផងដែរ។ សេចក្តីប្រកាសនេះ ក៏ត្រូវអនុវត្តន៍សម្រាប់គ្រប់សហព័ន្ធកីឡាជាតិទូទៅ ដែលជាសមាជិកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយ NOCC តម្រូវឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរទទួលអនុវត្តន៍តាមការគួរ។

ក្រោយពីប្រតិកម្មបែបនេះ អ្នករៀបចំកម្មវិធីរួមទាំងសហព័ន្ធប្រដាល់គុនខ្មែរ បានសម្រេចប្រគល់ខ្សែក្រវាត់ និងប្រាក់រង្វាន់ចំនួន២០លានរៀលជើងឯកជូនដល់កីឡាករ ឃឹម បូរ៉ា ខណៈម៉ឺន មេឃា ជាជើងឯករង ដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ម៉ឺន មេឃា ចាប់បោកផ្តួល ឃឹម បូរ៉ា ឱ្យដួលសន្លប់នៅលើសង្វៀន​ រំលោភលើបទបញ្ជាបច្ចេកទេស នៃការប្រកួត ហើយអាជ្ញាកណ្តាល និងចៅក្រមបានព្យួរលទ្ធផលបណ្តោះអាសន្ន ដោយមិនសម្រេចភ្លាមៗ ដែលធ្វើឱ្យផ្ទុះការរិះគន់ពីមហាជនជាខ្លាំង ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT