កីឡាករ-កីឡាការិនីកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានចំណាត់ថ្នាក់លេខ២ ក្នុងព្រឹត្តិការណ៍ Korea Open Aerobic Competition

កីឡាករ-កីឡាការិនីកាយសម្ព័ន្ធវ័យក្មេងរបស់ព្រះរាជាណាចក្រកម្ពុជាចំនួន ០២រូប បានទទួលចំណាត់ថ្នាក់លេខ២ ក្នុងព្រឹត្តិការណ៍អន្ដរជាតិ 2021 Korea Open Aerobic Competition លើកទី៦ នៅសាធារណរដ្ឋកូរ៉េ។ នេះបើតាមការបញ្ជាក់របស់លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ។

លោក ណយ ផាណា បានបញ្ជាក់ឱ្យដឹងថា ព្រឹត្តិការណ៍ជាលក្ខណៈអន្ដរជាតិនេះ បានធ្វើការប្រកួតតាមរយៈប្រព័ន្ធអនឡាញរយៈពេល ២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២១ ដោយមានកីឡាករ-កីឡាការិនីមកពី ៣០ប្រទេស ស្មើនឹង ៣១០ក្រុម និងមានកីឡាករ-កីឡាការិនីចូលរួមប្រកួតសរុប ៥៣៨នាក់ ក្នុងនោះក៏មានវត្តមានកីឡាករ-កីឡាការិនីកម្ពុជា ២រូបដែរ គឺកីឡាករ ហាស់ សុខហ៊ និងកីឡាការិនី ម៉ូ ស្រីពៅ។កីឡាករ-កីឡាការិនី ថ្នាលកីឡាកាយសម្ព័ន្ធកម្ពុជាទាំងពីររូបនេះ បានចូលរួមប្រកួតលើវិញ្ញាសាគូ អាយុក្រោម១៨ឆ្នាំ (Mixed Pair-Age Group II) ដែលមានបេក្ខភាពប្រកួតប្រជែង ៣ប្រទេសទៀត គឺប្រទេសកូរ៉េខាងត្បូង ជប៉ុន និងម៉ុងហ្គោលី។ ហើយជាលទ្ធផល ហាស់ សុខហ៊ និង ម៉ូ ស្រីពៅ ដណ្ដើមបានចំណាត់ថ្នាក់លេខ២ ខណៈលេខ១ បានទៅម្ចាស់ផ្ទះកូរ៉េខាងត្បូង និងលេខ៣ បានទៅលើប្រទេសជប៉ុន ។

អគ្គលេខាធិការសហព័ន្ធខាងលើ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីវ័យក្មេងកម្ពុជា ដែលបានបង្ហាញនូវភាពរីកចម្រើនទាំងសមត្ថភាព និងបច្ចេកទេស ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកនៃជំងឺកូវីដ-១៩ និងបិទទ្វារហ្វឹកហាត់លក្ខណៈស្វ័យបុគ្កលក៏ដោយ។ លោកបានចាត់ទុកនេះជាសញ្ញាដ៏ល្អ ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

លោក ណយ ផាន់ណា បានបញ្ជាក់ថា នេះជាលើកទី២ ហើយ ដែលសហព័ន្ធបានបញ្ជូនកីឡាករ-កីឡាការិនីចូលរួមព្រឹត្តិការណ៍ Korea Open Aerobic Competition ប៉ុន្ដែដោយសារវិបត្តិកូវីដ-១៩ ឆ្នាំនេះ សហព័ន្ធបានបញ្ជូនកីឡាករ-កីឡាការិនីតែ ២រូបប៉ុណ្ណោះចូលរួម។ លើសពីនេះ សហព័ន្ធក៏បានបញ្ជូនអាជ្ញាកណ្ដាលអន្ដរជាតិ ២រូប ចូលរួមកាត់សេចក្ដីក្នុងការប្រកួតដ៏ធំនេះផងដែរ គឺលោក សោ សុផេង និងលោក វាស សារិទ្ធ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT