បេក្ខភាព ៥ សង្ឃឹម​ខ្ពស់​អាច​ឈ្នះ​ពាន Ballon d’Or 2021 តែ​គ្មាន​ឈ្មោះ Neymar/Ronaldo

ពាន​រង្វាន់​ឯកត្តជន​ Ballon d’Or កាល​ពី​ឆ្នាំ​ទៅ ២០២០ បាន​រំសាយ​ចោល ដែល​កាល​នោះ​គេ​ជឿ​ថា ៩៩ ភាគរយ​គឺ Robert Lewandowski សក្ដិសម​ជា​អ្នក​ឈ្នះ ក្រោយ​ពីក្លឹប Bayern Munich ឈ្នះ​ពាន​ជា​ច្រើន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក ហើយ​សមិទ្ធផល​នៃ​ការ​រក​គ្រាប់​បាល់​របស់​លោក​ផ្ទាល់​ក៏​នាំ​មុខ​គេ​ផង​ដែរ។

ចូល​មក​ដល់​ឆ្នាំ ២០២១ នេះ​វិញ កីឡាករ​ប៉ូឡូញ​គឺ​មិន​សង្ឃឹម​ខ្ពស់​ដូច​ឆ្នាំ​មុន​ទេ តែ​ក៏​នៅ​មាន​ឈ្មោះ​ក្នុង​ចំណោម​បេក្ខភាព​ទាំង ៥។ នេះបើតាមសារព័ត៌មាន Marca បានចុះផ្សាយ។ មុន​ឈាន​ដល់​ការ​ប្រកាស​ផ្លូវការ​នា​កំឡុង​ខែ​ធ្នូ​ខាង​មុខ យើង​ធ្វើ​ការ​បង្ហាញ​បេក្ខភាព​កីឡាករ ៥ រូប ដែល​សង្ឃឹម​ខ្ពស់ ​អាច​ឈ្នះ​ពាន​ឯកត្តជន​ដែល​មាន​អាយុកាល​ចំណាស់​ជាង​គេ​បង្អស់​មួយ​ដូច​ខាង​ក្រោម៖

៥) Giorgio Chiellini

ស្តាប់​ទៅ​ប្រហែល​ជា​មិន​សូវ​សម​នោះ​ទេ ការ​ដែល​មាន​ឈ្មោះ Chiellini តែ​បើ​សួរ​ថា តំណែង​ខ្សែ​ការពារ​រូប​ណា​សក្ដិសម​នឹង​ទទួល​បាន​ពាន Ballon d’Or បំផុត? សម្រាប់​ឆ្នាំ ២០២១ គួរ​តែ​ជា​កីឡាករ​វ័យ​ចំណាស់ Chiellini។

កីឡាករ​របស់​ក្លឹប Juventus បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ នៅ​ជញ្ជាំង​ការពារ​ខាង​ក្រោយ ដែល​ចាប់​ដៃ​គូ​ជាមួយ Leonardo Bonucci និង​អ្នកចាំទី​ដៃ​ស្អិត Ginaluigi Donnarumma។ លើក​ចុង​ក្រោយ​ដែល​ខ្សែ​ការពារ បាន​ឈ្នះ​ Ballon d’Or គឺ​នៅ​ឆ្នាំ ២០០៦ ក្រោយ​ពេល Fabio Cannavaro ​ចូលរួម​ចំណែក​ជួយ​អ៊ីតាលី​ឈ្នះ​ពាន FIFA World Cup អ៊ីចឹង​ឆ្នាំ​នេះ ថា​មិន​ត្រូវ អាច​នឹង​វិល​មក​ដល់​ឈ្មោះ Chiellini វិញ​ក៏​ថា​បាន។

៤) Robert Lewandowski

ដ្បិត​នៅ​ជម្រើស​ជាតិ​ប៉ូឡូញ ក្រុម​របស់​លោក​ធ្វើ​មិន​បាន​ល្អ តែ​ការ​លេង​ឲ្យ Bayern Munich គឺ​ពិត​ជា​អស្ចារ្យ ដែល​អ្នក​រាល់​គ្នា​មិន​គួរ​មើល​រំលង​ឡើយ។

កាល​ពី​រដូវ​កាល ២០២០/២១ ខ្សែ​ប្រយុទ្ធ Lewandowski បាន​បំបែក​កំណត់ត្រា​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ប្រចាំ​រដូវ​កាល Bundesliga ដោយ​ធ្វើ​បាន ៤១ គ្រាប់ តាម​រយៈ​ការ​បង្ហាញ​ខ្លួន ២១ ប្រកួត។ ជាមួយ​នឹង​ស្ថិតិ​ដ៏​ល្អ​នេះ ក៏​បាន​រុញ​ឲ្យ​កីឡាករ​វ័យ ៣២ ឆ្នាំ ឈ្នះ​ពាន​ស្បែក​ជើង​មាស​ប្រចាំ​តំបន់​អឺរ៉ុប​ផង​ដែរ។

៣) Harry Kane

ប្រសិន Kane ឈ្នះ Euro 2020 ជាមួយ​អង់គ្លេស ម្ល៉េះ​ពេល​នេះ​កីឡាករ​របស់​ក្លឹប Spurs ប្រហែល​អាច​ថា សង្ឃឹម ៩៥-៩៩ ភាគរយ​ហើយ​ក្នុង​ការ​ឈ្នះ​ពាន Ballon d’Or តែ​គ្រប់​យ៉ាង​ត្រូវ​បញ្ចប់​ត្រឹម​លទ្ធផល​បាល់​ប៉េណាល់ទី នៅ​ឯ​កីឡដ្ឋាន Wembley កាល​ពី​ថ្ងៃ​ទី ១២ ​កក្កដា។

យ៉ាង​ណា​ស្ថិតិ​របស់ Kane កាល​ពី​រដូវ​កាល ២០២០/២១ ជាមួយ​ការ​លេង​ឲ្យ​ក្លឹប គឺ​រាប់​ថា​ធ្វើ​បាន​ល្អ​ខ្លាំង ដោយ​រក​បាន ៣៣ គ្រាប់​ Assist ១៧ លើក​តាម​រយៈ​ការ​បង្ហាញ​ខ្លួន ៤៩ ប្រកួត។ ដ្បិត​មិន​បាន​ឈ្នះ​ពាន​រង្វាន់​ណា​មួយ​ជា​ដុំកំភួន តែ​ត្រឹម​តំណែង​ជើង​ឯក​រង​នៅ Euro 2020 ក៏​រាប់​បាន​ជា​ក្ដី​សង្ឃឹម​ខ្លះៗ​ដែរ គួប​ផ្សំ​នឹង​ការ​លេង​ដ៏​ល្អ​របស់​គេ​ផង។

២) Jorginho

កីឡាករ ២ រូប​ចុង​ក្រោយ អាច​ថា​សង្ឃឹម​ខ្ពស់​ជាង​គេ​បង្អស់ ក្នុង​ការ​ឈ្នះ​ពាន Ballon d’Or ប្រចាំ​ឆ្នាំ ២០២១ ហើយ​ចំណោម​នោះ​ក៏​មាន​ខ្សែ​បម្រើ​របស់ Chelsea និង​ជម្រើស​ជាតិ​អ៊ីតាលី Jorginho ម្នាក់​ផង​ដែរ។

វា​កំពុង​វិល​ទៅ​សម័យ​កាល​របស់ Luka Modric ការ​ដែល​មាន​ខ្សែ​បម្រើ​ឈ្នះ​ពាន Ballon d’Or ហើយ​នៅ​ឆ្នាំ​នេះ​គេ​កំពុង​សង្ស័យ​ថា អាច​កើត​ឡើង​ទៅ​លើ Jorginho ដូច​គ្នា។ កីឡាករ​វ័យ ២៩ ឆ្នាំ ជា​ចំណែក​សំខាន់​ជួយ​ឲ្យ Chelsea ឈ្នះ​ពាន Champions League និង​ជួយ​ឲ្យ​អ៊ីតាលី​ឈ្នះ​ពាន Euro ហើយ​តាម​មតិ​ភាគ​ច្រើន​នៅ​ពេល​បច្ចុប្បន្ន នរណា​ក៏​ចុច​ឈ្មោះ Jorginho ជា​បេក្ខភាព​ដ៏​សក្ដិសម​បំផុត​ដែរ។

១) Lionel Messi

តាម​ពិត​ទៅ​បើ Messi ពុំ​បាន​ឈ្នះ​ពាន Copa America កាល​ពី​ថ្ងៃ​មុន ម្ល៉េះ​ពេល​នេះ ប្រហែល​គ្មាន​ឈ្មោះ​របស់​លោក​ក្នុង​ចំណោម​បេក្ខភាព​ទាំង ៥ ឡើយ តែ​ជាមួយ​ជ័យជម្នះ​ទៅ​លើ​ប្រេស៊ីល​នៅ​វគ្គ​ចុង​ក្រោយ ១-០ ក៏​សម​ល្មម​ជា​ដើមទុន​ដែល​អាច​ជួយ​ឲ្យ​កីឡាករ​អាហ្សង់ទីន​អាច​ក្លាយ​ជា​ម្ចាស់​ពាន Ballon d’Or សម្រាប់​ឆ្នាំ ២០២១ នេះ​បាន។

ខ្សែ​ប្រយុទ្ធ​វ័យ ៣៤ ឆ្នាំ បាន​ជួយ​ឲ្យ​អាហ្សង់ទីន​លើក​ពាន​លើក​ដំបូង ក្រោយ​ខកខាន​តាំង​ពី​ឆ្នាំ​ ១៩៩៣។ រី​ឯ​ជាមួយ Barcelona លោក​ក៏​ធ្វើ​បាន​ល្អ​ខ្លាំង ដោយ​រក​បាន ៣៨ គ្រាប់​និង Assist ១៤ លើក អ៊ីចឹង​យើង​នឹង​រង់ចាំ​មើល​ថា តើ Messi អាច​យក​បាន​ពាន Ballon d’Or លើក​ទី ៧ ក្នុង​អាជីព​របស់​ខ្លួន​បាន​ដែរ​ឬ​យ៉ាង​ណា?

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT