លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស ចេញមុខទទួលខុសត្រូវគ្រប់យ៉ាងចំពោះការជ្រើសរើសកីឡាករទាត់ប៉េណាល់ទី ដែលបណ្ដាលឱ្យអង់គ្លេស ចាញ់អ៊ីតាលីនៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Euro 2020 ។
បើកឆាកដំបូងអង់គ្លេសធ្វើបានល្អ ប៉ុន្តែក្រោយពីមានគ្រាប់បាល់តាមស្មើរបស់អ៊ីតាលីកើតឡើង ១-១ ក្រុមតោកំណាចអង់គ្លេសហាក់ដូចជាស្លូតវិញទៅហើយ រហូតដល់រង់ចាំទាត់ប៉េណាល់ទីកាត់សេចក្ដីតែម្ដង។ ឈានដល់វគ្គ៥០លើ៥០នេះ លោក Gareth Southgate បានជ្រើសរើសកីឡាករដែលត្រូវទាត់ក្មេងៗមែនទែនដូចជា Rashford , Sancho និង Saka ជាដើម។ ហើយលទ្ធផល ក៏បរាជ័យក្នុងលទ្ធផល ៣-២ ថែមទៀត។
ក្រោយពីរឿងខាងលើបានកើតឡើងហើយ គ្រូបង្វឹកអង់គ្លេសបាននិយាយថា៖ “ខ្ញុំជាអ្នករើស Saka ឱ្យទាត់ ព្រោះនៅវគ្គប៉េណាល់ទីនេះ ខ្ញុំជាអ្នកសម្រេចថានរណាត្រូវទាត់។ ខ្ញុំសម្រេចចិត្តនេះ គឺអាស្រ័យទៅលើអ្វីដែលពួកគេបានធ្វើនៅពេលហ្វឹកហាត់។ ខ្ញុំជាអ្នកទទួលខុសត្រូវចំពោះបរាជ័យនេះ។ កីឡាកររបស់យើងធ្វើបានល្អណាស់ហើយក្នុងការប្រកួត Euro ”៕ប្រភព Goal