នាយកប្រតិបត្តិ (CEO) របស់ក្លឹប Sassuolo លោក Giovanni Carnevali បាននិយាយថា ពេលនេះក្លឹបរបស់ខ្លួនកំពុងសកម្មខ្លាំងលើការចរចាជាមួយភាគីក្លឹបទាំងក្នុងនិងក្រៅតំបន់ ដែលកំពុងចង់បានខ្សែបម្រើឆ្នើម Manuel Locatelli។
កីឡាករសញ្ជាតិអ៊ីតាលីធ្វើបានយ៉ាងល្អ ជាពិសេសនៅ Euro 2020 បានចូលរួមចំណែកជួយក្រុមឆ្ពោះមកដល់វគ្គផ្តាច់ព្រ័ត្រ ទល់ក្រុមជម្រើសជាតិអង់គ្លេសនៅពេលខាងមុខ។ សុពលភាពកុងត្រារបស់ Locatelli ត្រូវផុតនៅឆ្នាំ ២០២៣ ហើយបើតាមហាងឆេងតម្លៃខ្លួនអាចជាថ្លៃចន្លោះពី ៣៥ ទៅ ៥០ លានអឺរ៉ូ។
តាមការបញ្ជាក់របស់នាយកប្រតិបត្តិក្លឹបទៅកាន់ Sky Sport៖ “យើងទទួលបានសំណើពីក្លឹបដែលចង់បាន Locatelli តែក៏មាន Domenico Berardi, Giacomo Raspadori និង Jeremie Boga ផងដែរ គ្រាន់ថាយើងចាំនិយាយជាមួយ Locatelli ពេល Euro 2020 ចប់សព្វគ្រប់ ព្រោះយើងចង់ឲ្យគេផ្តោតតែលើការប្រកួតនៅថ្ងៃអាទិត្យជាធំ”។
លោកបន្ថែមថា៖ “យើងក៏ទទួលបានសំណើសំខាន់ៗជាច្រើនទៀតសម្រាប់គេ ដោយកន្លងមកយើងជួបជាមួយក្លឹប Juventus ហើយពេលខាងមុខនឹងធ្វើការវាយតម្លៃ រីឯថ្ងៃនេះយើងក៏ទទួលបានសំណើពីក្លឹបនៅក្រៅស្រុក [អាចជា Arsenal ផ្អែកតាមចចាមអារ៉ាម] ខណៈដែលកីឡាករពិតណាស់គេប្រាកដជាចង់លេងឲ្យបណ្តាក្លឹបធំៗក្នុងលោក”៕
ប្រភព៖ AF