បន្ទាប់ពីមានការស្នើសុំ២សប្ដាហ៍ពីម្ចាស់ផ្ទះវៀតណាម ដើម្បីពិភាក្សាជាមួយរដ្ឋាភិបាលរបស់ខ្លួន អំពីការសម្រេចចុងក្រោយ នៃកាលបរិច្ឆេទរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១នោះ នឹងត្រូវសម្រេចចុងក្រោយ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ចុងសប្តាហ៍នេះ ដើម្បីឱ្យដឹងច្បាស់ថា តើម្ចាស់ផ្ទះ ស៊ីហ្គេម មួយនេះកំណត់រក្សាការបរិច្ឆេទចាស់ដដែល នាចុងឆ្នាំ២០២១នេះ ឬក៏ត្រូវពន្យាពេលទៅ ឆ្នាំ២០២២ ខាងមុខ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ គឺជាថ្ងៃកំណត់ ដែលក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍តម្រូវឱ្យម្ចាស់ផ្ទះវៀតណាមអនុម័តចុងក្រោយ លើសេណារីយ៉ូ ១ ក្នុងចំណោមសេណារីយ៉ូ ២ ដើម្បីរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ បន្ទាប់ពីវៀតណាម បានស្នើសុំរយៈពេល ១៤ថ្ងៃ ដើម្បីពិភាក្សាជាមួយរដ្ឋាភិបាលខ្លួន ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងជាកិច្ចប្រជុំលើកទី២ ដែលជជែកអំពីការកំណត់ ស៊ីហ្គេម នៅវៀតណាម កាលពីថ្ងៃទី២៤ ខែមិថុនាកន្លងទៅ ។
ឯកឧត្ដមបន្ដថា ដោយសារវិបត្តិកូវីដ-១៩ ម្ចាស់ផ្ទះវៀតណាម បានស្នើគណៈកម្មាធិការជាតិអូឡាំពិក នៃបណ្ដាប្រទេសសមាជិកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ចង់ពន្យារពេលរៀបចំស៊ីហ្គេម ឆ្នាំ២០២១ ទៅពាក់កណ្ដាលឆ្នាំ២០២២។ ប៉ុន្ដែដោយមិនទទួលបានការគាំទ្រពីបណ្ដាប្រទេសសមាជិកអាស៊ាន។ កាលពេលពីសំណើដំបូង ម្ចាស់ផ្ទះស៊ីហ្គមេ វៀតណាមបានកំណត់សេណារីយ៉ូចំនួន៣ ដើម្បីពិភាក្សា និងសម្រេចជាមួយរដ្ឋាភិបាលរបស់ខ្លួន ទី១-រក្សាការប្រកួតនៅដដែល ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ទី២-ពន្យារពេលទៅប្រកួតពាក់កណ្ដាលឆ្នាំ២០២២ និងទី៣-ចង់ពន្យារពេលរយៈពេលវែង ទៅរៀបចំការប្រកួតនាឆ្នាំ២០២៥ ឬឆ្នាំ២០២៧ ប៉ុន្តែសេនារីយ៉ូទី៣ មិនត្រូវម្ចាស់ផ្ទះស៊ីហ្គេម ទាំងពីរបន្តបន្ទាប់ ដែលដល់វេននោះមិនអនុញ្ញាតឡើយ។
នៅក្នុងកិច្ចប្រជុំកាលពី ២សប្ដាហ៍មុន រដ្ឋាភិបាលវៀតណាមបានស្នើកាត់សេណារីយ៉ូមួយចេញ គឺផែនការពន្យារពេលទៅឆ្នាំ២០២៥ ឬឆ្នាំ២០២៧ ក្រោយម្ចាស់ផ្ទះបន្ដវេន រួមមានថៃ និងព្រុយណេ បានអះអាងពីការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះរួចរាល់។ ដូច្នេះវៀតណាមនៅសល់ ២ជម្រើសប៉ុណ្ណោះ ដើម្បីរៀបចំស៊ីហ្គេម ឆ្នាំ២០២១ ទី១-រក្សាការប្រកួតនៅដដែល នាចុងឆ្នាំ២០២១ នេះ និងទី២-អាចពន្យារពេលទៅរៀបចំនៅខែមេសា ឬខែឧសភា ឆ្នាំ២០២២។ ចំពោះសេណារីយ៉ូទាំង ២ នេះ ត្រូវបានបណ្ដាប្រទេសសមាជិកអាស៊ានគាំទ្រ តែភាគច្រើនចង់ឱ្យវៀតណាមរក្សាការប្រកួតនៅដដែលច្រើនជាង ពោលគឺចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១៕