ក្រោយឆ្លងកាត់ ៥០ ប្រកួតនៅរយៈពេលជិត ១ ខែ ទីបំផុតយើងក៏បានរកឃើញនៅក្រុមខ្លាំងទាំង ២ ដែលអាចប្រជែងឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រ Euro 2020 នោះគឺ ការជួបគ្នារវាង ក្រុមជម្រើសជាតិអ៊ីតាលី និងអង់គ្លេស។
អ៊ីតាលីបានយកឈ្នះក្រុមអេស្ប៉ាញនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈអង់គ្លេសយកឈ្នះទៅលើដាណឺម៉ាក កំណត់ឲ្យក្រុមទាំងពីរត្រូវជួបគ្នា នៅវេលាម៉ោង ០២:០០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១២ កក្កដា នៅឯកីឡដ្ឋាន Wembley ចក្រភពអង់គ្លេស។
រំឭកបន្តិចពីប្រវត្តិនៃការជួបគ្នា រវាងក្រុមទាំងពីរគឺបានកើតឡើងសរុប ២៧ លើក ដោយអ៊ីតាលីមានប្រៀបជាង ឈ្នះ ១១ ស្មើ ៨ និងចាញ់ ៨។ ចំណែកឯនៅការប្រកួត Euro ធ្លាប់ជួបគ្នា ២ លើក ដូចជា អ៊ីតាលីយកឈ្នះ ១-០ នៅឆ្នាំ ១៩៨០ ហើយឈ្នះបាល់ប៉េណាល់ទី ៤-២ នៅឆ្នាំ ២០១២ ដូច្នេះមានន័យថានៅ Euro អង់គ្លេសមិនទាន់ធ្លាប់យកឈ្នះទៅលើអ៊ីតាលីនៅឡើយ។
និយាយពីជោគជ័យនៅពានរង្វាន់ Euro សម្រាប់អ៊ីតាលីគេធ្លាប់ស្គាល់បាន ១ លើកនៅឆ្នាំ ១៩៦៨ ហើយឈរជើងឯករង ២ លើកនៅឆ្នាំ ២០០០ និង ២០១២ ខណៈដែលអង់គ្លេសអតីតកាលធ្លាប់ឡើងអស់ធំ ត្រឹមវគ្គ ៤ ក្រុម ហើយនេះជាលើកដំបូងដែលឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ ខណៈលើកចុងក្រោយដែលតោកំណាចឈ្នះពានខ្នាតធំ គឺនៅ FIFA World Cup 1966 រីឯ Euro គឺមិនធ្លាប់ទាល់តែសោះ។
យើងនឹងរង់ចាំមើលថា វគ្គផ្ដាច់ព្រ័ត្រខាងមុខនេះ តើអង់គ្លេសអាចឈ្នះពាន Euro ដូចពាក្យអ្នកគាំទ្រស្រែក “It’s coming home” ឬត្រូវធ្លាក់ទៅដល់ដៃអ៊ីតាលីជា “It’s coming to Rome” វិញ?