អ៊ីតាលីបានយកឈ្នះទៅលើអេស្ប៉ាញ តាមរយៈលទ្ធផល ៤-២ នៅបាល់ប៉េណាល់ទីថែមម៉ោង ក្រោយតតាំងគ្នារយៈពេល ១២០ នាទី ជាមួយលទ្ធផលស្មើ ១-១។
ដូច្នេះមានន័យថា អ៊ីតាលីនឹងត្រូវទៅបន្តការប្រកួតវគ្គផ្តាច់ព្រ័ត្រ ទល់ក្រុមដាណឺម៉ាក ឬអង់គ្លេសនៅឯកីឡដ្ឋាន Wembley នាយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១២ កក្កដា ឆ្នាំ ២០២១។
បញ្ជាក់ប្រាប់ beIN Sport ក្រោយចប់ការប្រកួត ចំណែកសំខាន់របស់អ៊ីតាលីគឺកីឡាករ Leonardo Bonucci បានលើកឡើងថា៖ “ខ្ញុំមិនដឹងរៀបរាប់យ៉ាងម៉េចទេពីអារម្មណ៍ពេលនេះ តែវាជាប្រកួតដ៏តានតឹងមួយ អេស្ប៉ាញពួកគេធ្វើបានល្អខ្លាំងណាស់ តែយើងនឹងមកទីនេះម្តងទៀតនៅថ្ងៃទី ១១ កក្កដាសម្រាប់វគ្គផ្តាច់ព្រ័ត្រ ហើយយើងនឹងបានឃើញ និយាយទៅអេស្ប៉ាញជាក្រុមខ្លាំង ពោរពេញដោយកីឡាករឆ្នើម តែយើងបានព្យាយាមតតាំងពួកគេដល់ទីបញ្ចប់ រហូតដល់យើងអាចធ្វើបាន”។
បញ្ជាក់ថា អ៊ីតាលីកាលពីយប់មិញ មានសាច់បាល់លេងតែ ២៩ ភាគរយគត់ ដែលនេះជាប្រកួតដំបូងនៅ Euro 2020 ក្រុមដឹកនាំដោយលោក Roberto Mancini មិនអាចមានបាល់បញ្ជូនលើសពី ៤០០ ប៉ះ ខណៈ ការស៊ុតចំគោលដៅធ្វើបាន ៤ លើក ធៀបនឹងអេស្ប៉ាញមាន ៥ លើក គ្រប់គ្រងបាល់ ៧១ ភាគរយ បញ្ជូន ៩០៨ ប៉ះ៕
ប្រភព៖ AF