ពីមួយឆ្នាំទៅមួយឆ្នាំ វិស័យកីឡាបាល់ទាត់បានមានការផ្លាស់ប្ដូរ និងអភិវឌ្ឍគួរឲ្យកត់សម្គាល់ ដែលវាជាដើមចមនាំឲ្យវិនិយោគិនមិនខ្លាចនឹងបណ្ដាក់ទុកលុយរាប់លានទៅក្នុងវិស័យមួយនេះ។
យ៉ាងណាសម្រាប់កីឡាករបាល់ទាត់ បម្រែបម្រួលហាងឆេងថ្លៃខ្លួន ទំហំប្រាក់ពលកម្មក៏ឃើញថាមានការកើនឡើងខ្ពស់ផងដែរនៅរយៈពេលជាង ១០ ឆ្នាំចុងក្រោយ ជាពិសេសសម្រាប់កីឡាករកំពូលៗ ខ្លះអាចរកបានដល់ខ្ទង់រយលានដុល្លារឯណោះ។
ចុះអ្នកធ្លាប់ឆ្ងល់ដែរទេ ទន្ទឹមនឹងប្រាក់ចំណូលដ៏ច្រើនសន្ធឹកនេះ តើកីឡាករបាល់ទាត់មានប័ណ្ណធានារ៉ាប់រងអាយុជីវិតដូចបណ្ដាបុគ្គលិកបម្រើការនៅផ្នែកផ្សេងៗឯទៀតដែរឬទេ? បើតាមការចុះផ្សាយរបស់ The Business Standard បានធ្វើការបង្ហាញនៅប័ណ្ណធានារ៉ាប់រងដែលមានតម្លៃថ្លៃបំផុត លើផ្នែករាងកាយទាំង ៥ របស់កីឡាករបាល់ទាត់៖
៥) ដៃរបស់អ្នកចាំទី Iker Casillas
បើនិយាយដល់ឈ្មោះអ្នកចាំទីល្អបំផុតក្នុងលោក ជឿថាអ្នកគាំទ្រភាគច្រើនមិនរំលងអតីតកីឡាករក្លឹប Real Madrid គឺ Iker Casillas នោះទេ។
សម្រាប់បុរសសញ្ជាតិអេស្ប៉ាញរូបនេះ ធ្លាប់មានរបាយការណ៍ចុះផ្សាយកាលពីឆ្នាំ ២០០៧ ថា បើលោករងរបួសផ្នែកដៃទាំងសងខាង កំឡុងការប្រកួត រហូតឈានដល់ថ្នាក់ត្រូវបញ្ចប់អាជីព នោះលោកនឹងទទួលបានប្រាក់ធានារ៉ាប់រងដែលមានតម្លៃជិត ១៨ លានដុល្លារ។
៤) ជើងរបស់ខ្សែប្រយុទ្ធ Gareth Bale
កីឡាករសញ្ជាតិវែល បានឈ្នះពានរង្វាន់ Champions League ៤ សម័យកាលជាមួយក្លឹប Real Madrid ហើយភាពល្បីល្បាញរបស់ Bale បានផ្ទុះខ្លាំងនៅចន្លោះឆ្នាំ ២០១៤-២០១៧។
យ៉ាងណានៅលើទីលានបាល់ទាត់ ប្រសិនមានការថ្លោះធ្លោយ ឬគ្រោះថ្នាក់ដោយប្រការណាមួយ ដែលនាំឲ្យ Bale មានរបួសជើងទាំងសងខាង នោះលោកនឹងទទួលបានប្រាក់ធានារ៉ាប់រង ១១៨ លានដុល្លារ។
៣) ជើងរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo
តាមរយៈជើងទាំងសងខាងរបស់ Ronaldo បើយើងមិនរាប់ការប្រើក្បាលតែតបញ្ចូលទី គឺអាចរកគ្រាប់បាល់ច្រើនជាង ៥០០ គ្រាប់ហើយឲ្យក្លឹបធំៗ ទាំង ៣ មាន Man Utd, Real Madrid និង Juventus។
ជើងទាំងសងខាង សម្រាប់ម្ចាស់ពាន Ballon d’Or ៥ សម័យកាល ក៏នឹងអាចផ្តល់ប្រាក់ធានារ៉ាប់រងខ្ទង់ ១២២ លានដុល្លារ ប្រសិនណាលោកត្រូវបញ្ចប់អាជីពដោយសារបញ្ហារបួសលើទីលាន។
២) ជើងរបស់អតីតខ្សែប្រយុទ្ធ David Beckham
នៅកំឡុងទសវត្សឆ្នាំ ១៩៩០ នរណាៗក៏និយាយពីឈ្មោះ David Beckham ដែរ ព្រោះលោកជាកីឡាករដែលជំនាញការបញ្ជូនបាល់ និងការស៊ុត Free-Kick។ ដ្បិតលោកបានប្រកាសចូលនិវត្តកាលពីឆ្នាំ ២០១៣ ហើយក៏ដោយ ប៉ុន្តែទំហំប្រាក់ធានារ៉ាប់រងរបស់លោកកាលពីអតីតកាល ក៏បន្តស្ថិតនៅចំណាត់ថ្នាក់កំពូល។
បើសម័យកាលរបស់ Beckham លោកបានជួបបញ្ហារបួសលើផ្នែកជើងទាំងសងខាង ដែលនាំឲ្យខកខានការឈរជើងលើទីលានជារៀងរហូត នោះបុរសសញ្ជាតិអង់គ្លេសនឹងទទួលបានប្រាក់ធានារ៉ាប់រងជិត ២១០ លានដុល្លារ។
១) ជើងឆ្វេងរបស់ខ្សែប្រយុទ្ធ Lionel Messi
បើសួរថា តើកីឡាករបាល់ទាត់ណាដែលប្រើប្រាស់ជើងឆ្វេងបានល្អដាច់គេ? ចម្លើយគឺ ប្រាកដជា Messi។
កីឡាករណាក៏ប្រាថ្នាចង់បានជើងឆ្វេងដែលពោរពេញដោយទេពកោសល្យ ដូចជា Messi ដែរ ហើយផ្នែកនេះមានតម្លៃបំផុតលើរាងកាយរបស់លោក ហើយក៏ជាផ្នែកដែលមានតម្លៃធានារ៉ាប់រងខ្ពស់បំផុតដែរក្នុងវិស័យកីឡាបាល់ទាត់ ដោយថ្លៃដល់ទៅ ៨៩០ លានដុល្លារឯណោះ៕
ប្រភព៖ TBSNEWS