លោក Fernando Santos គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់ បាននិយាយថាប៉ះអ៊ីតាលី នឹងក្លាយជាការប្រកួតពិបាកបំផុតមួយសម្រាប់ក្រុមលោក នៅរាត្រីនេះ។
ព័រទុយហ្គាល់ នឹងស្វាគមន៍ក្រុមអ៊ីតាលី នៅវេលាម៉ោង១:៤៥នាទីរំលងអាធ្រាត្រនេះ ដើម្បីស្វែងរក៣ពិន្ទុ ពានរង្វាន់ UEFA Nations League ក្នុងពូល A។ ក្រុមម្ចាស់ជើង ឯក Euro 2016 នេះ នឹងលេងដោយគ្មានវត្តមានតារាឆ្នើមរបស់ខ្លួន Cristiano Ronaldo ឡើយ ដូច្នេះហើយទើបបានជាលោក Santos ដែលជាគ្រូបង្វឹកគិតថាក្រុមរបស់ខ្លួន ពិតជាជួបផលពិបាកច្រើនជាក់ជាមិនខាន។
“អ៊ីតាលី កំពុងព្យាយាមស្ដាមុខមាត់ឡើងវិញ ក្រោយពីពួកគេភ្លាត់មិនបានទៅលេងនៅ World Cup 2018 ។ នេះជាការប្រកួតក្នុងពានរង្វាន់ថ្មីមួយ ដែលពួកគេនឹងព្យាយាមឱ្យខ្លាំងបំផុត។ វាពិបាកណាស់ក្នុងការនិយាយថាក្រុមណាមានប្រៀបជាងក្នុងការប្រកួតនេះ ប៉ុន្តែអ្វីដែលច្បាស់គឺវានឹងធ្វើឱ្យយើងពិបាកក្នុងការយកឈ្នះពួកគេ”។ សម្ដីរបស់លោក Santos ។
ព័រទុយហ្គាល់ នឹងលេងប្រកួតដំបូងរបស់ខ្លួននៅរាត្រីនេះ ខណៈដែលអ៊ីតាលីវិញ លេងប្រកួតទី២ហើយ។ កាលពីប្រកួតទី១កន្លងទៅ អ៊ីតាលីបានត្រឹមស្មើប៉ូឡូញក្នុងលទ្ធផល ១-១ ប៉ុណ្ណោះ៕ប្រភពDailyMail