ខ្សែបម្រើ Toni Kroos បានបញ្ជាក់ថារូបគេច្បាស់ក្នុងចិត្តថានឹងចូលនិវត្តន៍នៅក្នុងក្រុម Real Madrid តែម្ដង មិនមានចិត្ដចង់ទៅលេងនៅក្លឹបណាទេ។
Kroos បានបញ្ចប់អាជីពនៅក្រុមជម្រើសជាតិអាល្លឺម៉ង់ហើយ ក្រោយពីចំណាយពេល១១ឆ្នាំ និងបានជួយជម្រើសជាតិនេះឈ្នះពានរង្វាន់ World Cup កាលពីឆ្នាំ២០១៤កន្លងទៅ។ ជាមួយការប្រកាសចូលនិវត្តពីក្រុមជម្រើសជាតិនេះ កីឡាករវ័យ៣១ឆ្នាំបាននិយាយថារូបគេនឹងបន្ដលេងនៅ Real Madrid រហូតដល់អស់កុងត្រានៅឆ្នាំ២០២៣។
នៅឆ្នាំ២០២៣នោះ រូបគេនឹងមានអាយុ៣៣ឆ្នាំ ដែលនេះជាអាយុមួយសមស្របសម្រាប់ចូលនិវត្តតែម្ដង ប្រសិនបើមិនមានការបន្ដកុងត្រាថ្មីទៀត។ ខ្សែបម្រើរូបនេះ បន្ដថាក្រៅពីទឹកដី Bernabeu រូបគេហាក់ដូចជាមិនមានចិត្តចង់លេងឱ្យក្រុមដទៃទៀតនោះទេ៕
ប្រភព៖ Marca