ក្រុមដាណឺម៉ាកបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយក្នុងពានរង្វាន់ Euro 2020 នេះ បន្ទាប់ពីពួកគេបានយកឈ្នះលើក្រុមឆែកក្នុងលទ្ធផល ២-១។
ដាណឺម៉ាក បើកឆាកការប្រកួតមកមានបញ្ហាកើតឡើងទៅហើយ ពោលគឺកីឡាករសំខាន់របស់ពួកគេ Eriksen បានកើតរឿងមិនល្អ មានបញ្ហាគាំងបេះដូង។ កត្តានេះហើយ សមាជិកក្រុមទាំងមូល ជាពិសេសក្រុមដទៃទៀតបានបង្ហាញការគោរពនិងលើកទឹកចិត្តដល់ក្រុមដាណឺម៉ាកខ្លាំងណាស់នាការប្រកួតកន្លងមក។ ខណៈដែលសមាជិកក្រុមនេះក៏ធ្វើបានល្អថែមទៀត បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៅហើយ។
ប្រធានក្រុម Simon Kjaer បាននិយាយថា៖ “រឿងរបស់គាត់ បានជំរុញទឹកចិត្តក្រុមជាខ្លាំង។ យើងចាប់ផ្ដើមលេងសហការគ្នាបានល្អ និងបានផ្ដល់ទំនុកចិត្តដល់គ្នាទៅវិញទៅមក។ មិនត្រឹមតែយើងទេ អ្នកគាំទ្រដាណឺម៉ាកក៏កំពុងស្ថិតនៅជាមួយយើងដែរ។ វាបានធ្វើឱ្យយើងនូវសុវត្ថិភាព និងក៏បានធ្វើឱ្យ Christian មានអារម្មណ៍ផងដែរ”។ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Euro 2020 នេះ ក្រុមដាណឺម៉ាក នឹងត្រូវប៉ះជាមួយក្រុមអង់គ្លេសនៅថ្ងៃទី៨ខែកក្កដាឆ្នាំ២០២១ខាងមុខនេះ៕
ប្រភព៖ Goal