Sergio Ramos ទំនងជាសម្រេចការផ្ទេរទៅក្លឹបបារាំង Paris Saint-Germain លើភាគរយខ្ពស់ជាងក្លឹបដទៃណាៗទាំងអស់ បើផ្អែកតាមស្ថានការណ៍នៅពេលចុងក្រោយ។
បច្ចុប្បន្នខ្សែការពារកណ្តាលធ្លាប់លេងឲ្យក្លឹប Real Madrid កំពុងឈរជើងជាកីឡាករឥតតម្លៃខ្លួន លើទីផ្សារដោះដូរ ហើយគេជឿថា កំពុងចរចាជាមួយក្លឹបធំៗជាច្រើនរួមទាំង Man Utd, PSG និង Liverpool ជាដើម។
យ៉ាងណាតាមការចុះផ្សាយពី Daily Star បានឲ្យដឹងថា កីឡាករអេស្ប៉ាញទើបតែច្រានចោលសំណើរបស់ United ដែលក្លឹបផ្តល់ឲ្យ Ramos កុងត្រារយៈពេល ១ ឆ្នាំ បូកបន្ថែមលក្ខខណ្ឌអាចបន្តថ្មី ១ ឆ្នាំទៀត ហើយថ្លៃពលកម្មគឺ ២០០ ០០០ ផោន/សប្តាហ៍ឯណោះ ដែលគិតទៅចូលជាង ១០ លានផោន/រដូវកាល។
ប៉ុន្តែ Ramos គេពុំបានព្រមនោះទេ ហើយបែរជាទៅបន្តចរចាជាមួយភាគីក្លឹប PSG ឯណោះ ដ្បិតបើក្លឹបបារាំងអាចផ្តល់ឲ្យទាបជាងទំហំប្រាក់ដែល United ដាក់សំណើមកក៏ដោយ។ យើងនឹងរង់ចាំមើល អាចថាយ៉ាងហោចណាស់ ៣-៤ សប្តាហ៍ទៀតយ៉ាងយូរ ចម្លើយនៃការផ្ទេររបស់ Ramos នឹងត្រូវបានលាតត្រដាង៕
ប្រភព៖ Sportsmole