យប់នេះនៅ Euro 2020 ក្នុងចំណោម ៤ ក្រុម យើងនឹងរកឃើញក្រុម ២ ផ្សេងទៀតដែលត្រូវឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយនិយាយពីស្ថិតិកីឡាករវិញចំពោះការរកគ្រាប់បាល់ក៏យើងមានរឿងគួរឲ្យចាប់អារម្មណ៍ដែរ។
នោះគឺ Cristiano Ronaldo ដ្បិតបើធ្លាក់ចេញពី Euro 2020 ហើយក្តី តែចំនួនគ្រាប់បាល់របស់លោកមាន ៥ គ្រាប់នៅនាំមុខគេដដែល។ យ៉ាងណាយប់នេះមានកីឡាករ ២ រូបដែលសង្ឃឹមខ្ពស់អាចតាមស្មើឬបំបែកគ្រាប់បាល់របស់ Ronaldo បាន នោះគឺកីឡាកររបស់សាធារណរដ្ឋឆេក និងអង់គ្លេស។
Ronaldo ដែលមាន ៥ គ្រាប់ តាមពីក្រោយដោយ Patrick Schick របស់ឆេកដែលមាន ៤ គ្រាប់ ហើយម្នាក់ទៀតគឺ Raheem Sterling ដែលមាន ៣ គ្រាប់។ អ៊ីចឹងបើពួកគេអាចបន្ថែមគ្រាប់បាល់យប់នេះ គឺអាចរំកិលតាមស្មើ ឬនាំមុខក្លាយជា Top Scorer លើ CR7 បានហើយ ប៉ុន្តែបើអត់ទេ ក៏នៅសល់ឱកាស ២ វគ្គបន្ថែមទៀត ឲ្យតែក្រុមរបស់ពួកគេអាចឡើងទៅកាន់វគ្គបន្ទាប់។
បញ្ជាក់ថា ក្រៅពីពួកគេទាំងពីរក៏នៅសល់កីឡាករផ្សេងទៀតដែលមានគ្រាប់បាល់អាចតាមស្មើ Ronaldo គ្រាន់ថានៅមានគម្លាតឆ្ងាយតួយ៉ាងដូចជា Alvaro Morata របស់អេស្ប៉ាញ, Maehle របស់ដាណឺម៉ាក និង Yarmolenko/Yaremchuck របស់អ៊ុយក្រែនជាដើម ដែលមាន ២ គ្រាប់រៀងគ្នា៕
ប្រភព៖ UEFA Euro